(បរទេស)៖ តាមការចេញផ្សាយដោយ Huawei Central បានឲ្យដឹងថា ក្រុមហ៊ុន Huawei កំពុងជ្រើសរើសគ្រឿងបន្លាស់ដែលមានតម្លៃថ្លៃ សម្រាប់ស៊េរី Mate 70 របស់ខ្លួន ដែលធ្វើឲ្យស្មាតហ្វូនម៉ូដែលនេះ នឹងបង្កើនតម្លៃផងដែរ។ ជាក់ស្តែង ថ្មីៗនេះលេចនូវដំណឹងថា ការផលិតស្មាតហ្វូន Mate 70 នាពេលខាងមុខ អាចចំណាយថ្លៃខ្ពស់ជាងការផលិត iPhone 16 របស់ក្រុមហ៊ុន Apple ដល់ទៅ ៣០% ឯណោះ។
ប្រភពពី DirectorShiGuan បានឲ្យដឹងថា ក្រុមហ៊ុន Huawei ប្រើប្រាស់នូវសមាសភាគដែលមានតម្លៃថ្លៃទៅលើស្មាតហ្វូន Flagship ជំនាន់ថ្មីរបស់ខ្លួន ខណៈសមាសភាគដែលមានតម្លៃថ្លៃនោះ រួមមានបន្ទះអេក្រង់ ម៉ូឌុលកាមេរ៉ា ឡេនកាមេរ៉ា បន្ទះឈីប ជាដើម។ ដោយសារតែមានការបង្កើនទៅលើគុណភាពនៃសមាសភាគទាំងនេះ នឹងធ្វើឲ្យស្មាតហ្វូន Huawei Mate 70 series អាចនឹងបង្កើនតម្លៃ។
គួរជម្រាបថា សម្រាប់ស្មាតហ្វូន Huawei Mate 70 នេះ ត្រូវគេរំពឹងថា នឹងបង្ហាញខ្លួននៅក្នុងខែកញ្ញាក្នុងឆ្នាំនេះ ពោលគឺចំពេលដែលវត្តមានរបស់ iPhone 16 កំពុងបង្ហាញខ្លួនផងដែរ។ អ្វីដែលភ្ញាក់ផ្អើលនោះ ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិននេះក៏ធ្វើឲ្យអ្នកប្រើប្រាស់មានការភ្ញាក់ផ្អើលជាមួយនឹងស្មាតហ្វូនបត់បាន ៣តង់របស់ខ្លួន ខណៈក្រុមហ៊ុននេះ ក៏ធ្វើការនៅលើប្រព័ន្ធប្រតិបត្តិការ HarmonyOS បន្ទាប់របស់ខ្លួនផងដែរ ។ លោក Yu Chengdong ដែលជាអគ្គនាយករបស់ក្រុមហ៊ុន Consumer Business Group បាននិយាយថា ស្មាតហ្វូន Mate 70 Series នឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី៤ ឆ្នាំនេះ៕