(ប៊ែកឡាំង)៖ លោក Jurgen Klopp អតីតអ្នកចាត់ការទូទៅរបស់ក្លិបហង្សក្រហម Liverpool ត្រូវបានតែងតាំងជាប្រធានបាល់ទាត់សកលរបស់ក្រុមហ៊ុន Red Bull ដែលពុំមែនជាការងារបង្វឹកលើទីលានដូចមុនឡើយ។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃនេះ។
បុរសវ័យ ៥៧ឆ្នាំ សញ្ជាតិអាល្លឺម៉ង់រូបនេះ នឹងចូលកាន់តួនាទីថ្មីចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ តទៅ។
លោក Klopp បានថ្លែងថា «ខ្ញុំមិនបានចាប់អារម្មណ៍ក្នុងការងារបង្វឹកទៀតនោះទេ ក្រោយធ្វើការងារនេះជិត ២៥ឆ្នាំរួចមក។ តួនាទីថ្មីនេះ អាចមានការផ្លាស់ប្តូរ ប៉ុន្តែចំណង់ចំណូលចិត្តចំពោះបាល់ទាត់នៅតែមានដដែល»។
គួរបញ្ជាក់ផងថា Red Bull ដែលមានក្លិបបាល់ទាត់ដូចជា RB Leipzig លេងនៅ Bundesliga, Salzburg លេងនៅអូទ្រីស, New York Red Bulls នៅអាមេរិក និង Bragantino នៅប្រេស៊ីលផងនោះបានឱ្យដឹងថា លោក Klopp នឹងមិនធ្វើការជាប់លាប់ជារៀងរាល់ថ្ងៃឡើយ ពោលគឺលោកគ្រាន់តែជាទីប្រឹក្សារបស់ក្រុមផ្សេងៗដែលទាក់ទងទៅនឹងកាយសម្បទា ការទិញដូរកីឡាករ យុទ្ធសាស្រ្ត និងអភិវឌ្ឍន៍ផ្នែកបង្វឹកតែប៉ុណ្ណោះ៕