(បរទេស)៖ ក្រុមអគ្គមេធាវីនៃរដ្ឋជាច្រើននៅទូទាំងសហរដ្ឋអាមេរិកនៅថ្ងៃអង្គារសប្តាហ៍នេះ បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយសង្គមយក្ស TikTok ជាមួយនឹងពាក្យបណ្តឹងមួយដែលបានចោទប្រកាន់ក្រុមហ៊ុននេះថា បានបោកបញ្ឆោតអ្នកប្រើប្រាស់ដោយអះអាងថាកម្មវិធីរបស់ខ្លួនមានសុវត្ថិភាពសម្រាប់កុមារ បើទោះបីជាបានដឹងថាមានមុខងារ «ញៀន» ក៏ដោយ និងការចោទប្រកាន់ថាបានដំណើរការអាជីវកម្មផ្ទេរប្រាក់ដែលគ្មានអាជ្ញាប័ណ្ណ។ នេះបើយោងតាមការចេញផ្សាយដោយ CNBC។
ក្នុងចំណោមពាក្យបណ្តឹងទាំងនោះ ត្រូវបានគេបង្ហាញថា មានអគ្គមេធាវីនៃរដ្ឋបានប្រមាណ ១៣ផ្សេងគ្នាទូទាំងសហរដ្ឋអាមេរិកចូលរួមរួមមាន New York,California, Illinois, Kentucky, Louisiana, Massachusetts, Mississippi, New Jersey, North Carolina, Oregon, South Carolina, Vermont និង Washington។
អគ្គមេធាវីលោក Brian Schwalb នៃស្រុក Columbia បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ CNBC ថា «បណ្តឹងរបស់យើងកំពុងស្វែងរកការធ្វើឱ្យ TikTok ទទួលខុសត្រូវចំពោះការបង្កគ្រោះថ្នាក់ដល់កុមារ»។ នៅក្នុងពាក្យបណ្តឹងនេះ បានចោទប្រកាន់ថា TikTok បំភាន់អ្នកប្រើប្រាស់ដោយអះអាងថាកម្មវិធីរបស់ខ្លួនមានសុវត្ថិភាពសម្រាប់កុមារ ខណៈពេលដែលប្រើប្រាស់មុខងារញៀនដែលអាចនាំឱ្យមានបញ្ហាសុខភាពផ្លូវចិត្តធ្ងន់ធ្ងរ ដូចជាការថប់អារម្មណ៍ និងការធ្លាក់ទឹកចិត្តជាដើម។ លោក Schwalb បានសង្កត់ធ្ងន់ថាការរចនារបស់ TikTok មានចេតនាទាក់ទាញអ្នកប្រើប្រាស់វ័យក្មេង ដោយប្រដូចឥទ្ធិពលរបស់វាទៅនឹង «នីកូទីនឌីជីថល» ហើយបានរិះគន់វេទិកានេះសម្រាប់ផ្តល់អាទិភាពដល់ប្រាក់ចំណេញលើសុខុមាលភាពរបស់អនីតិជន។ លោក Schwalb គូសបញ្ជាក់ថាកម្មវិធីនេះ «បានធ្វើឱ្យមានការប៉ះពាល់យ៉ាងខ្លាំងដល់យុវជនមួយជំនាន់នេះទាំងមូល»។ «ក្រុមហ៊ុន ByteDance ដែលជាមេធំរបស់ TikTok បានដឹងពីអ្វីដែលកំពុងកើតឡើង ប៉ុន្តែជ្រើសរើសបិទភ្នែកបិទត្រចៀកមិនអើពើ។ បណ្តឹងនេះ គឺចង់បញ្ចប់នូវទង្វើខុសច្បាប់ ការបោកបញ្ឆោត និងមហិច្ឆតារបស់ក្រុមហ៊ុនចិននេះ»។
យ៉ាងណា ជុំវិញពាក្យបណ្តឹងនេះអ្នកនាំពាក្យ TikTok បានធ្វើសេចក្តីថ្លែងការណ៍ភ្លាមៗ និងបានលើកឡើងថា «យើងមិនយល់ស្របជាខ្លាំងចំពោះការអះអាងទាំងនេះ ដែលភាគច្រើនយើងជឿថាមិនត្រឹមត្រូវ និងបំភាន់»។ អ្នកនាំពាក្យរូបនេះបានអះអាងថា ក្រុមហ៊ុនខ្លួនបានផ្តល់ការការពារដល់រឹងមាំ ព្រមទាំងបានលុបអ្នកប្រើប្រាស់ដែលសង្ស័យថាមិនទាន់គ្រប់អាយុ និងបានបើកដំណើរការមុខងារសុវត្ថិភាព ដូចជាការកំណត់ screentime, ការអនុញ្ញាតពីម្តាយឪពុក និងឯកជនភាពតាមលំនាំដើមសម្រាប់អនីតិជនដែលមានអាយុក្រោម ១៦ឆ្នាំ ដូចទៅនឹងអ្វីដែលបានកំណត់រួចទៅហើយ។ «យើងបានព្យាយាមធ្វើការជាមួយអគ្គមេធាវីអស់រយៈពេលជាងពីរឆ្នាំហើយ វាពិតជាគួរឱ្យសោកស្តាយណាស់ដែលពួកគេបានបោះជំហាននេះ ជាជាងធ្វើការជាមួយយើងលើដំណោះស្រាយស្ថាបនាចំពោះបញ្ហាប្រឈមទូទាំងឧស្សាហកម្ម»។
គូសបញ្ជាក់ថា ជាងពាក់កណ្តាលនៃមនុស្សវ័យក្មេងដែលមានអាយុចន្លោះពី ១៣ ទៅ ១៧ឆ្នាំនៅក្នុងសហរដ្ឋអាមេរិកកំពុងប្រើប្រាស់កម្មវិធីនេះ។ នៅទូទាំងពិភពលោក TikTok មានអ្នកប្រើប្រាស់សកម្មជាង ១ពាន់លាននាក់ឯណោះ។ យ៉ាងណាមិញ អគ្គមេធាវីនៅទូទាំងសហរដ្ឋអាមេរិកកំពុងព្រួយបារម្ភខ្លាំងនឹងកម្មវិធី TikTok ទាក់ទិននឹងពាក្យបណ្តឹងថ្មីៗនេះ ត្រូវបានគេរកឃើញថា TikTok បានប្រើប្រាស់មុខងារម្យ៉ាង ដែលធ្វើឱ្យកុមារញៀនហើយអាចបង្កឱ្យមានការផ្ទុះសារធាតុ dopamine ដល់ខួរក្បាលរបស់ពួកគេ។ ពាក្យបណ្តឹងនេះ ក៏បាននិយាយផងដែរថា វាមិនខុសអីកាលពីឆ្នាំ២០១៩ នោះទេដែល TikTok បានណែនាំ «លក្ខណៈពិសេសគ្រោះថ្នាក់ពីរគឺ៖ មុខងារផ្សាយបន្តផ្ទាល់ហៅថា TikTok LIVE និង ប្រព័ន្ធរូបិយប័ណ្ណនិម្មិតហៅថា TikTok «Coins»។
បណ្តឹងនេះ គឺមានគោលបំណងទាមទារឱ្យ Tiktok ហាមឃាត់កម្មវិធីរបស់ខ្លួនជាអចិន្ត្រៃយ៍ពីការបំពានច្បាប់ការពារអ្នកប្រើប្រាស់ និងបង្គាប់ឱ្យបង់ប្រាក់សំណងដល់អ្នកប្រើប្រាស់ រួមនឹងការពិន័យរដ្ឋប្បវេណី។
គួរជម្រាបថា បណ្តឹងនេះកើតឡើងប៉ុន្មានសប្តាហ៍បន្ទាប់ពីមេធាវី TikTok បានប្រកែកនៅក្នុងតុលាការឧទ្ធរណ៍សហព័ន្ធថា ច្បាប់ថ្មីដែលហាមឃាត់កម្មវិធីបន្ទាប់ពីថ្ងៃទី១៩ ខែមករា លុះត្រាតែ ByteDance លក់វាទៅឱ្យអ្នកទិញដែលមិនមែនជាជនជាតិចិន គឺមិនស្របតាមរដ្ឋធម្មនុញ្ញ ព្រោះវារំលោភលើសិទ្ធិវិសោធនកម្មទីមួយរបស់អ្នកប្រើប្រាស់ TikTok៕