(បរទេស)៖ ក្រុមហ៊ុន TSMC ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនផលិតបន្ទះឈីបកិច្ចសន្យាធំជាងគេបំផុតរបស់ពិភពលោកបានរាយការណ៍នៅថ្ងៃពុធសប្តាហ៍នេះថា កំណើនប្រាក់ចំណូលសម្រាប់ត្រីមាសទី៣ របស់ខ្លួនហក់ឡើងខ្ពស់គួរឱ្យកត់សម្គាល់ដែលលើសពីការរំពឹងទុករបស់ទីផ្សារ និងការព្យាករណ៍ផ្ទាល់ខ្លួនរបស់ក្រុមហ៊ុន។ ការកើនឡើងនេះ ត្រូវបានបញ្ជាក់ថាបានមកពីតម្រូវការខ្លាំងនៃបញ្ញាសិប្បនិម្មិត AI ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤។
ប៉ុន្មានឆ្នាំចុងក្រោយនេះក្រុមហ៊ុន Taiwan Semiconductor Manufacturing ហៅកាត់ថា TSMC បានក្លាយជាក្រុមហ៊ុនដ៏លេចធ្លោរបំផុតនៅក្នុងវិស័យបញ្ញាសិប្បនិម្មិត (AI) តាមរយៈក្រុមហ៊ុនផ្គត់ផ្គង់ធំៗរបស់ខ្លួនដូចជា Apple និង Nvidia។ យោងតាមការគណនារបស់ Reuters បានបង្ហាញថា ប្រាក់ចំណូល TSMC ក្នុងអំឡុងខែកក្កដា ដល់ខែកញ្ញា ឆ្នាំនេះមានចំនួន ២៣.៦២ពាន់លានដុល្លារ ច្រើនជាងបើធៀបនឹងការព្យាករណ៍របស់អ្នកវិភាគ LSEG SmartEstimate ដែលមានចំនួនត្រឹមតែ ២៣.៣៣ពាន់លានដុល្លារ។
តាមរយៈរបាយការណ៍ចុះផ្សាយចុងក្រោយនេះបង្ហាញថា TSMC បានកើនឡើងប្រមាណ ៣៦.៥ភាគរយ បើធៀបនឹងឆ្នាំមុន និងខ្ពស់ជាងបើធៀបនឹង ១៧.៣ពាន់លានដុល្លារដែលរកបានកាលពីពីរឆ្នាំមុន។ យ៉ាងណាមិញគិតត្រឹមប្រតិបត្តិហៅរកប្រាក់ចំណូលនៅក្នុងខែកក្កដាកន្លងទៅ TSMC បានព្យាករណ៍ថា ប្រាក់ចំណូលសម្រាប់តី្រមាសទី៣ របស់ខ្លួននឹងអាចរកបានចន្លោះពី ២២.៤ពាន់លានដុល្លារ ទៅ ២៣.២ពាន់លានដុល្លារ ប៉ុន្តែអ្វីៗហាក់ប្រសើរជាងនេះឆ្ងាយ។ សម្រាប់ខែកញ្ញាតែមួយ TSMC រកចំណូលបានដល់ទៅ ៨ពាន់លានដុល្លារឯណោះ។
គួជម្រាបថា TSMC នៅមិនទាន់ផ្តល់ព័ត៌មានលម្អិតនៅឡើយនោះទេ ខណៈខាងលើនេះគឺជារបាយការណ៍ចំណូលសង្ខេប។ ដោយឡែកសម្រាប់របាយការណ៍ផ្លូវការអំពីប្រាក់ចំណូលត្រីមាសទី៣ គ្រោងនឹងចេញផ្សាយនៅថ្ងៃទី១៧ ខែតុលា ខាងមុខនេះ៕