(ភ្នំពេញ)៖ ក្រុមកីឡាម៉ូតូទឹកជម្រើសជាតិកម្ពុជា ដណ្ដើមបានមេដាយមាស ១គ្រឿងទៀតហើយ ដោយកីឡាករ សាលី ហ្វីលីន លើវិញ្ញាសា Amateur Runabout 1100 Limited នៃព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកពានរង្វាន់ពិភពលោក WGP#1 Water Jet World Series 2024 ជុំទី២ នៅសហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នេះ (ពេលវេលានៅកម្ពុជា) ។ ជាបណ្ដោះអាសន្ន កម្ពុជា ដណ្ដើមបានមេដាយ ៥គ្រឿង (មាស ៣ និងប្រាក់ ២) ។
បច្ចុប្បន្នកីឡាករវ័យក្មេងកម្ពុជា សាលី ហ្វីលីន ដណ្ដើមបានមេដាយ ៣គ្រឿងម្នាក់ឯង ក្នុងនោះមានមេដាយមាស ២ និងប្រាក់ ១ ហើយរូបគេនៅសល់ ៣វិញ្ញាសាទៀត ក្នុងចំណោម ៥វិញ្ញាសានៅសល់សម្រាប់ក្រុមកីឡាម៉ូតូទឹកកម្ពុជា ដែលត្រូវធ្វើការប្រកួតប្រជែងស្វែងរកមេដាយជូនជាតិបន្ថែម ជាមួយវីរកីឡាករ សាលី អ៊ូមើត ដែលជាបងប្រុសបង្កើតរបស់ខ្លួន ។
គួរដឹងថា ព្រឹត្តិការណ៍ WGP#1 Water Jet World Series 2024 ជុំទី២ នៅសហរដ្ឋអាមេរិ ប្រព្រឹត្តទៅពីថ្ងៃទី០៧-១៣ ខែតុលា ឆ្នាំ២០២៤ មុនបន្ដការប្រកួតជុំទី៣ ដែលជាជុំផ្ដាច់ព្រ័ត្រ នៅថៃ នាថ្ងៃទី១១-១៥ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខ ។ កាលពីជុំទី១ នៅប៊ូឡូញ ក្រុមម៉ូតូទឹកកម្ពុជា ដណ្ដើមបានមេដាយ ៦គ្រឿង (មាស ២ ប្រាក់ ២ និងសំរឹទ្ធ ២) ។ ដូច្នេះបច្ចុប្បន្នក្រុមកម្ពុជា បានបំបែកកំណត់ត្រាមេដាយមាស កាលពីជុំទី១ ហើយ ដែលដណ្ដើមបានមេដាយមាស ៣គ្រឿងបណ្ដោះអាសន្ន ៕