(បរទេស)៖ ក្រុមហ៊ុន Hyundai Motor India បានប្រកាសពីតម្លៃសម្រាប់ការបោះផ្សាយលក់មូលបត្រជាសាធារណៈដំបូងរបស់ខ្លួន (IPO) ជាផ្លូវការដោយកំណត់តម្លៃចន្លោះពី ១,៨៦៥ ទៅ ១,៩៦០ រូពីក្នុងមួយហ៊ុន ដែលស្មើនឹងប្រមាណ ២២ ទៅ ២៣ដុល្លារ។ IPO នេះមានតម្លៃសរុបប្រហែល ៣ពាន់លានដុល្លារ ដែលជាទំហំធំជាងគេបំផុតក្នុងប្រវត្ថិនៅក្នុងប្រទេសឥណ្ឌារហូតមកដល់ច្ចុប្បន្ននេះ។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤។
យោងតាមកាសែត Financial Express បានចុះផ្សាយនៅថ្ងៃពុធសប្តាហ៍នេះថា Hyundai India នឹងចាប់ផ្តើមលក់ IPO ជាលើកដំបូងរបស់ខ្លូននៅសប្តាហ៍ក្រោយ។ ពោលគឺនៅអំឡុងថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែតុលា ខាងមុខនេះ។ នៅក្នុងរបាយការណ៍នេះ បានគូសបញ្ជាក់ថា សម្រាប់បុគ្គលិកនៅក្នុងក្រុមហ៊ុន Hyundai និងទទួលបានការបញ្ចុះតម្លៃរហូតដល់ ១៨៦រូពីឯណោះក្នុងមួយហ៊ុន (គិតជាប្រាក់ដុល្លារប្រហែល ២.២២ដុល្លារ)។
គួរជម្រាបថា Hyundai គឺជាក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតរបស់កូរ៉េខាងត្បូង និងមានទីស្នាក់ការកណ្តាលនៅទីក្រុងស៊េអ៊ូល។ ក្រុមហ៊ុននេះ បានបង្កើតឡើងក្នុងឆ្នាំ១៩៦៧ និងបានក្លាយជាក្រុមហ៊ុនផលិតរថយន្តធំជាងគេបំផុតមួយរបស់ពិភពលោក ដោយឈរនៅលំដាប់ទី៣ ក្នុងបរិមាណផលិតកម្មបន្ទាប់ពីក្រុមហ៊ុន Toyota និង Volkswagen៕