(រ៉ូម)៖ លោក Luciano Spalletti បានថ្លែងក្នុងសន្និសីទកាលពីថ្ងៃពុធថា អាសូរីអ៊ីតាលី អាចក្លាយជាក្រុមដ៏អស្ចារ្យមួយលើលោក នៅពេលពួកគេលេងឈានដល់ចំណុចកំពូល។ នេះបើយោងតាមការដកស្រង់ចេញផ្សាយដោយ Reuters នៅថ្ងៃនេះ។

លោកថា «ពួកយើងនឹងក្លាយជាក្រុមដ៏អស្ចារ្យមួយឡើងវិញ ពោលគឺនៅគ្រប់ការប្រកួតទាំងអស់តែម្តង នៅពេលដែលយើងធ្វើបានល្អ។ គ្រប់ការប្រកួត ប្រៀបដូចជាអនាគតរបស់ពួកយើង»

លោក Spalletti ក៏បានបន្ថែមផងថា ខ្សែបម្រើក្លិប AS Roma គឺ Lorenzo Pellegrini នឹងចាប់ផ្តើមក្នុងជម្រើស ១១នាក់ដំបូងរាត្រីនេះទល់នឹងប៊ែលហ្សិក នៃជំនួបដែលពុំមានវត្តមានខ្សែបម្រើរបស់ Inter Milan គឺ Nicolo Barella និង Federico Chiesa របស់ Liverpool ឡើយ ដែលកំពុងមានបញ្ហារបួសដូចគ្នា។

ក្រុមនៅអឺរ៉ុបមួយនេះ បច្ចុប្បន្នបានកំពុងឈរទីកំពូលតារាង Group Two ក្រោយឈ្នះ ២ប្រកួតជាប់គ្នាកាលខែមុន ដែលត្រូវធ្វើម្ចាស់ផ្ទះ ដើម្បីទទួលក្រុមជម្រើសជាតិប៊ែលហ្សិកនារាត្រីថ្ងៃព្រហស្បតិ៍ និងអ៊ីស្រាអែលនៅថ្ងៃចន្ទសប្តាហ៍ក្រោយ ក្នុងពានរង្វាន់ UEFA Nations League 2024-2025។

នៅចាំបានថា អ៊ីតាលី ជាអតីតក្រុមខ្លាំងមួយរបស់ពិភពលោក តាមរយៈឈ្នះជើងឯក World Cup បាន ៤លើកស្មើជាមួយអាល្លឺម៉ង់ និងពានប្រចាំទ្វីបអឺរ៉ុប UEFA Euro បាន ២លើកទៀតផង តាមពីក្រោយអាល្លឺម៉ង់ ដែលធ្លាប់ឈ្នះបាន ៣លើក និងអេស្ប៉ាញ ៤លើកច្រើនជាងគេ៕