(បរទេស)៖ អ្នកចាំទីឆ្នើម Liverpool គឺ Alisson Becker ត្រូវអវត្តមានពីទីលាន ដោយត្រូវសម្រាកព្យាបាលរបួសសរសៃពួរ ដែលមានរយៈពេលរហូតដល់ពាក់កណ្តាលខែវិច្ឆិកា បន្ទាប់ពីជួបបញ្ហារបួសនេះក្នុងការប្រកួតទល់នឹងក្រុម Crystal Palace ។
កីឡាករចាំទីអន្តរជាតិប្រេស៊ីល Alisson ត្រូវបានប្តូរចេញពីការប្រកួតនៅនាទី៧៩ ក្នុងប្រកួតដែលត្រូវ អ្នកចាំទី Vitezslav Jaros ទទួលបានឱកាសចូលជំនួសដែលក្រុម Liverpool យកឈ្នះ Crystal Palace ១-០ ក្នុងលីគ Premier League ។
ជាមួយបញ្ហានេះ ក្លិប Liverpool កំពុងឈរកំពូលតារាង Premier League ត្រូវជួបប្រកួតជាមួយក្រុម Chelsea, Arsenal, Brighton និង Aston Villa ខណៈដែលពួកគេក៏ត្រូវប៉ះជាមួយក្រុម RB Leipzig និង Bayer Leverkusen ក្នុងក្របខ័ណ្ឌលីគអឺរ៉ុប UEFA Champions League និងជួប Brighton ក្នុងពានរង្វាន់ EFL Cup ផងដែរ ។
Alisson Becker គិតចាប់តាំងពីរដូវកាល២០១៨-១៩ រូបគេបានចូលលេងឱ្យក្រុម Liverpool សរុបបានចំនួន ២៧១ប្រកួតរកបាន ១គ្រាប់ផងដែរ ខណៈនៅជម្រើសជាតិប្រេស៊ីល បង្ហាញខ្លួនបាន ៧១ប្រកួត ហើយក្រុមហង្សក្រហមស្ថិតក្រោមដឹកនាំដោយលោក Arne Slot នៅមានជម្រើសអ្នកចាំទី ២រូប មានកីឡាករ Caoimhin Kelleher នឹង Vitezslav Jaros ។
ការប្រកួតបន្ទាប់របស់ Liverpool ក្រោយការឈប់សម្រាកលក្ខណៈអន្តរជាតិ នៅក្នុងខែវិច្ឆិកា គឺមានការប៉ះជាមួយក្រុម Southampton មុនពេលបន្តដំណើរជួប Real Madrid នឹងប្រឈមមុខជាមួយក្រុម Manchester City, Newcastle United និងគូប្រជែងក្នុងទីក្រុង Everton ៕