(ភ្នំពេញ)៖ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវធ្វើការប្រកួតមិត្តភាពអន្ដរជាតិ ជាមួយឆាយនីសតៃប៉ិ នាវេលាម៉ោង ៧យប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ នេះ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) រាជធានីភ្នំពេញ។
ជុំវិញការប្រកួតនេះ បានក្លាយជាប្រធានបទមួយសម្រាប់អ្នកគាំទ្រផងដែរ ដែលបានជជែក ចំពោះក្រុមគោព្រៃកម្ពុជា ក្រោមការដឹកនាំលើកដំបូងរបស់គ្រូបង្វឹកបណ្ដោះអាសន្នលោក Koji Gyotoku ស្របពេលពួកគេ ហាក់បាត់នូវទំនុកចិត្តលើក្រុមជម្រើសជាតិខ្លួន ក្រោយរងបរាជ័យជាបន្ដបន្ទាប់ ខណៈលោក Koji ក៏ទទួលស្គាល់ពីបញ្ហានេះ ហើយកីឡាករផ្ទាល់ ក៏មានមួយចំនួន បាត់នូវទំនុកចិត្តក្នុងការលេងផងដែរ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ លោក Koji បានសម្ដែងក្ដីរីករាយ ចំពោះការប្រកួតមិត្តភាពនេះ ដោយលោកនឹងរក្សានូវប្រព័ន្ធប្រយុទ្ធដដែល ទោះបីលោកមានរយៈពេលខ្លី ដើម្បីរៀបចំក្រុម ក៏ដូចជាការត្រៀមខ្លួនមិនទាន់បានល្អប្រសើរក៏ដោយ។ អ្វីដែលសំខាន់ បានដាក់គោលដៅនឹងព្យាយាមស្វែងយល់ពីកីឡាករឲ្យបានច្រើន ដើម្បីសម្រួចការរៀបចំក្រុមឲ្យកាន់តែល្អប្រសើរ។
សម្រាប់ការប្រកួតមិត្តភាពអន្ដរជាតិ ជាមួយឆាយនីសតៃប៉ិ យប់នេះ លោកសង្កត់ធ្ងន់ថា «និយាយរួមទៅ ការប្រកួតមួយនេះ ខ្ញុំក៏ចង់ឈ្នះដែរ។ ខ្ញុំចង់ដឹកនាំក្រុមទៅរកជ័យជម្នះដូចអារម្មណ៍អ្នកគាំទ្រអ៊ីចឹង ។ ប៉ុន្ដែយើងឃើញថា ការប្រកួតកន្លងមក យើងចាញ់ បានធ្វើឲ្យកីឡាករមួយចំនួនបាត់ទំនុកចិត្តក្នុងការលេង តែក្រោយខ្ញុំធ្វើការប្រមូលផ្ដុំកន្លងមក ខ្ញុំសង្កេតឃើញថា មានកីឡាករល្អៗច្រើន ដូច្នេះខ្ញុំរំពឹងថា ពួកគេនឹងធ្វើបានល្អក្នុងពេលប្រកួត»។
ចំណែកគ្រូបង្វឹកក្រុមឆាយនីសតៃប៉ិលោក Gary White វិញ បន្ទាប់ពីអរគុណកម្ពុជា ដែលទទួលស្វាគមន៍បានយ៉ាងល្អ លោកមើលឃើញការប្រកួតនារាត្រីនេះ នឹងមានភាពស្វិតស្វាញ ដ្បិតក្រុមទាំងពីរ មានកម្រិតប្រហាក់ប្រហែលគ្នា។ យ៉ាងណាលោកទទួលកូនក្រុមខ្លួនមានកាយសម្បទាអំណោយផលជាងកម្ពុជា។ ដូច្នេះលោកបានដាក់គោលដៅនឹងព្យាយាមឲ្យអស់ពីសមត្ថភាព ដើម្បីដឹកនាំក្រុមទទួលបានលទ្ធផលក្នុងការប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុមគោព្រៃកម្ពុជា៕