(វ៉េណេស៊ុយអេឡា)៖ ក្រុមម្ចាស់ផ្ទះវ៉េណេស៊ុយអេឡា បានផ្តល់លទ្ធផលស្មើលើកទី១ ទៅកាន់ក្រុមអាហ្សង់ទីន ១-១ នៅក្នុងវគ្គជម្រុះពានរង្វាន់ FIFA World Cup 2026 តំបន់អាមេរិកខាងត្បូង ពីការស៊ុតវាយបកបានសម្រេចដោយកីឡាករ Rondon ក្នុងប្រកួតទី៩ របស់ពួកគេ ជាមួយការវិលត្រលបមកវិញរបស់ Lionel Messi លេងពេញម៉ោងការប្រកួតក៏ដោយ ។
ក្រុមអាហ្សង់ទីន បានធ្វើការនាំមុខដោយការស៊ុតរបស់ខ្សែការពារ Otamendi បន្ទាប់ពីលេងបាន ១៣នាទីក្នុងវគ្គទី១ ខណៈការប្រកួតបានបញ្ចប់ទៅដោយលទ្ធផលស្មើនេះ កើតឡើងដោយការស៊ុតរបស់ Salomon Rondon នៅនាទី៦៥ ។
តាមរយៈលទ្ធផលនេះក្រុមអាហ្សង់ទី នៅតែបន្តឈរនាំមុខគេពីការរកបាន ១៩ពិន្ទុបណ្តោះអាសន្ន ហើយក្រុមវ៉េណេស៊ុយអេឡា ឈរលេខរៀងទី៧ កើនបាន ១១ពិន្ទុ ខណៈក្រុមប្រេស៊ីល ពីការយកឈ្នះក្រុមឈីលី ២-១ ពួកគេក៏កើនបាន ១៣ពិន្ទុផងដែរ ជាមួយការជ្រើសយកតែ ៦ក្រុមឡើងទៅជុំចុងក្រោយដែលមានសហម្ចាស់ផ្ទះរវាងសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា ៕