(ភ្នំពេញ)៖ ក្រុមកីឡាម៉ូតូទឹកជម្រើសជាតិកម្ពុជា បានទទួលមេដាយប្រាក់ ១គ្រឿងទៀតហើយ ពីព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកពានរង្វាន់ពិភពលោក WGP#1 Water Jet World Series 2024 ជុំទី២ នៅសហរដ្ឋអាមេរិក នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ នេះ (ពេលវេលានៅកម្ពុជា) ដែលនាំឱ្យកម្ពុជា កើនមេដាយសរុប ៦គ្រឿង រួមមានមេដាយមាស៣ និងប្រាក់៣។
មេដាយទី៦ ខាងលើ ដណ្ដើមបានដោយកីឡាករ សាលី ហ្វីលីន លើវិញ្ញាសា Pro Am Runabout 1100 Stock ហើយនេះក៏ជាមេដាយទី៤ ដែលកីឡាករវ័យក្មេងរូបនេះដណ្ដើមបានផងដែរ បន្ទាប់ពីរូបគេឈ្នះមេដាយមាស២ និងប្រាក់១ ក្នុងការប្រកួត ៣ថ្ងៃដំបូង។ មិនតែប៉ុណ្ណោះ ហ្វីលីន ក៏នៅសល់វិញ្ញាសាចំនួន២ ទៀត ដែលរូបគេនឹងត្រូវធ្វើការប្រកួតនាចុងសប្ដាហ៍នេះ ជាមួយវីរកីឡាករ សាលី អ៊ូមើត ដែលត្រូវប្រកួត ២វិញ្ញាសាផងដែរ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ WGP#1 Water Jet World Series 2024 ជុំទី២ នៅអាមេរិក ប្រព្រឹត្តទៅពីថ្ងៃទី០៧-១៣ ខែតុលា ឆ្នាំ២០២៤ មុនបន្ដការប្រកួតជុំទី៣ ដែលជាជុំផ្ដាច់ព្រ័ត្រ នៅថៃ នាថ្ងៃទី១១-១៥ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខ។ កាលពីជុំទី១ នៅប៊ូឡូញ ក្រុមម៉ូតូទឹកកម្ពុជា ដណ្ដើមបានមេដាយ ៦គ្រឿង (មាស២ ប្រាក់២ និងសំរឹទ្ធ២)។ បច្ចុប្បន្នក្រុមម៉ូតូទឹកកម្ពុជា បានបំបែកកំណត់ត្រាមេដាយកាលពីជុំទី១ ដ្បិតជាបណ្តោះអាសន្ន ដណ្ដើមបានមេដាយ ៦គ្រឿងដូចគ្នា តែមានមេដាយមាស៣ និងប្រាក់៣៕