(បរទេស)៖ តាមការចេញផ្សាយដោយគេហទំព័រព័ត៌មាន FCW នាពេលថ្មីៗនេះបានឲ្យដឹងថា ក្រុមហ៊ុនជប៉ុន Toyota Motor Corporation កំពុងត្រៀមបង្ហាញផលិតផលថ្មីរបស់ខ្លួន នោះគឺដុំផ្ទុកថាមពលអ៉ីដ្រូសែនចល័ត នៅក្នុងការតាំងពិព័រណ៍Japan Mobility Show Bizweek 2024 ដែលនឹងប្រារព្ធឡើងនៅតំបន់ Makuhari Messe ក្នុងខេត្ត Chiba។
កម្មវិធីពិព័រណ៍នេះ គ្រោងធ្វើឡើងចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ដែលជាព្រឹត្តិការណ៍មួយ ស្តីពីវិស័យឧស្សាហកម្មចល័ត និងការចាប់ផ្ដើមអាជីវកម្មនានា ដែលនឹងដឹកនាំមនុស្សជំនាន់ក្រោយឲ្យមានគំនិតច្នៃប្រឌិត ដើម្បីឆ្ពោះទៅរកគោលដៅរួមនៃអនាគតប្រកបដោយនិរន្តរភាព។ នៅក្នុងព្រឹត្តិការណ៍នេះ ក្រុមហ៊ុន Toyota នឹងដាក់តាំងបង្ហាញបច្ចេកវិទ្យាថ្មីរបស់ខ្លួន ជាពិេសសដុំផ្ទុកថាមពលអ៉ីដ្រូសែនចល័ត ដែលត្រូវបានរចនាឡើងដើម្បីឲ្យមានទម្ងន់ស្រាល និងអាចចល័តបាន ដើម្បីផ្តល់ភាពងាយស្រួលប្រើ ក្នុងស្ថានភាពប្រចាំថ្ងៃ ហើយវាក៏អាចប្រើប្រាស់បានដូចជាអាគុយ AA ដ៏ធំ ដែលអនុញ្ញាតឲ្យម្ចាស់រថយន្ត FCEV ងាយស្រួលបញ្ចូលប្រេងរថយន្ត។
តាមរយៈការតាំងពិព័រណ៍នេះ ក្រុមហ៊ុន Toyota មានគោលបំណងស្វែងរកការផ្គូផ្គងជាមួយនឹងបច្ចេកវិទ្យា និងគំនិតដែលអាចធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធផ្ទុកថាមពល និងអនុញ្ញាតឱ្យប្រតិបត្តិការមានតម្លៃសមរម្យ និងមានស្ថេរភាពជាងមុន ដូចជាបច្ចេកវិទ្យាតាមដានសម្រាប់ថ្មដែលបានប្រើ និងបច្ចេកវិទ្យាថ្មីៗជាច្រើនទៀត។ ក្រៅពីនេះ ក្រុមហ៊ុន Toyota នឹងដាក់បង្ហាញរថយន្តប្រណាំង Toyota GR Corolla ដែលដើរដោយថាមពលអ៉ីដ្រូសែនថែមទៀតផង ៕