(ឡុងដ៍)៖ ខ្សែប្រយុទ្ធ Bukayo Saka បានរងរបួសជើងខាងស្តាំ នៅអំឡុងប្រកួតដែលក្រុមតោកំណាចអង់គ្លេស ចាញ់ក្រិច ២-១ ក្នុងពានរង្វាន់ UEFA Nations League 2024-2025 នាយប់មិញ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
ការប្រកួតដែលត្រូវបានធ្វើឡើងនៅកីឡដ្ឋានជាតិ Wembley នារាត្រីថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០២៤ ខ្សែប្រយុទ្ធដែលត្រូវបានជ្រើសរើសចេញពីក្លិបកាំភ្លើងធំ Arsenal ខាងលើនេះ ត្រូវបានប្តូរចេញនៅនាទី៥១ ដោយជំនួសមកវិញដោយខ្សែបម្រើស្លាបមកពីតោខៀវ Chelsea គឺ Noni Madueke។
Saka វ័យ ២៣ឆ្នាំ ត្រូវបានគេសែងចេញពីទីលាន ក្នុងនាទីដែលក្រុមភ្ញៀវបានកំពុងនាំមុខ ១គ្រាប់ទៅហើយ បន្ទាប់ពីលេង ៤៥នាទីនៃវគ្គទី១ រក្សាលទ្ធផលស្មើគ្នា ០-០ ពីវគ្គសន្សំពិន្ទុលើកទី៣ ប្រចាំ League B ក្រុម២។
ក្រុមតោ៣ អង់គ្លេសពុំមានវត្តមានខ្សែប្រយុទ្ធ Harry Kane និង Jack Grealish ពីការបរាជ័យលើកដំបូងនៅ Nations League រដូវកាលទី៤ នេះ ដោយរំពឹងថា អ្នកទាំងពីរអាចលេងបានសម្រាប់រាត្រីថ្ងៃអាទិត្យចុងសប្តាហ៍នេះ ពេលអង់គ្លេសធ្វើដំណើរទៅប៉ះម្ចាស់ផ្ទះហ្វាំងឡង់ ក្នុងជើងទី២៕