(មាឌ្រីដ)៖ ជើងខ្លាំងលើទីលានដីឥដ្ឋ ផ្នែកកីឡាតេន្នីស Rafael Nadal បានប្រកាសចូលនិវត្តន៍ហើយ ក្រោយពេលបញ្ចប់រដូវនេះ ក្នុងវ័យ ៣៨ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
កីឡាករជើងចាស់ សញ្ជាតិអេស្ប៉ាញរូបនេះត្រូវបានគេស្គាល់ថា ជាជើងខ្លាំងលើទីលានដីឥដ្ឋ តាមរយៈឈ្នះពាន French Open របស់បារាំងបានដល់ទៅ ១៤លើកច្រើនជាងគេ ក្នុងចំណោម ២២ពានសរុបនៃកម្រិតពិភពលោក Grand Slam។
Nadal បានបង្ហោះសារជាវីដេអូនៅលើបណ្តាញសង្គមរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ថា «ខ្ញុំមកពីនេះដើម្បីប្រាប់អ្នករាល់គ្នាថា ខ្ញុំសម្រេចចិត្តចូលនិវត្តន៍ពីកីឡាករតេន្នីសអាជីពហើយ។ មូលហេតុត្រង់ថា ខ្ញុំបានស្ថិតក្នុងភាពត្រដាបត្រដួសខ្លាំងណាស់នាឆ្នាំនេះ ជាពិសេសគឺរយៈពេល ២ឆ្នាំចុងក្រោយនេះជាមួយនឹងបញ្ហារបួស។ ខ្ញុំមិនគិតថា ខ្ញុំអាចលេងបាន តាមរយៈការដាក់កំហិតនោះទេ»។
Nadal ប្រកាសព្យួររ៉ុកកែត ក្នុងនាមជាកីឡាករតេន្នីសដ៏ជោគជ័យ ១រូបឈរនៅលំដាប់ទី២ លើលោក បន្ទាប់ពី Novak Djokovic ដែលបានកំពុងរត់នៅលើទីលាននៅឡើយ។ រហស្សនាម «King of Clay» Nadal ឈ្នះពាន French Open បានចំនួន ១៤លើក ជាមួយនឹងជ័យជម្នះ ១១២លើក ក្នុងចំណោម ១១៦ប្រកួតសរុបនៅទីលាន Roland Garros៕