(បរទេស)៖ ក្រុមហ៊ុន Qualcomm បានប្រកាសចេញបន្ទះឈីបជំនាន់ចុងក្រោយរបស់ខ្លួន Snapdragon 4s Gen 2 កាលពីខែកក្កដាកន្លងទៅ ដែលជាបន្ទះឈីបដែលមានតម្លៃសមរម្យ។ ប្រកាសថ្មីៗនេះ បានបង្ហាញថា Xiaomi នឹងក្លាយជាក្រុមហ៊ុនដំបូងគេដែលដំណើរការដោយបន្ទះឈីបថ្មីនេះ ហើយគ្រោងនឹងដាក់បង្ហាញនៅថ្ងៃទី១៦ ខែតុលា ខាងមុខក្នុងអំឡុងព្រឹត្តិការណ៍ India Mobile Congress។ នេះបើយោងតាមការចេញផ្សាយដោយ GMSArena។
យ៉ាងណាមិញក្រុមហ៊ុន Xiaomi នៅមិនទាន់បង្ហាញជាផ្លូវការនៅឡើយនោះទេ ថាតើម៉ូដែលមួយណាដែលបំពាក់ដោយ Snapdragon 4s Gen 2 តែតាមការរំពឹងទុកទំនងជានៅលើត្រកូលស្មាតហ្វូន Redmi ដែលជាស្មាតហ្វូនមួយស្ថិតក្នុងតម្លៃសមរម្យបំផុតរបស់ Xiaomi។ យោងតាមរបាយការណ៍ចុះផ្សាយកន្លងមកបានបង្ហាញថា Snapdragon 4s Gen 2 ត្រូវបានរចនាឡើងជាពិសេសសម្រាប់ស្មាតហ្វូនដែលមានតម្លៃទាប និងគាំទ្រមុខងារដូចជា gigabit 5G connectivity ព្រមទាំងសមត្ថភាពកាមេរ៉ាកម្រិតខ្ពស់ (រហូតដល់ ៨៤មេហ្គាភិចស៊ែ) ថែមទៀតផង។
គួរជម្រាបថា Xiaomi គឺជាក្រុមហ៊ុនផលិតស្មាតហ្វូនដ៏លេចធ្លោមួយរបស់ចិន ដែលត្រូវបានបង្កើតឡើងក្នុងខែមេសា ឆ្នាំ២០១០ ដោយស្ថាបនិលោក Lei Jun និងដៃគូចំនួន ៧នាក់ផ្សេងទៀត។ ត្រឹមតែរយៈពេលដ៏ខ្លីក្រុមហ៊ុនចិននេះ បានរីកចម្រើនយ៉ាងឆាប់រហ័ស និងក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំបំផុតមួយនៅទូទាំងពិភពលោកតាមរយៈជំនាញរចនា និងផលិតស្មាតហ្វូន គ្រឿងអេឡិចត្រូនិក និងឧបករណ៍ Internet of Things (IoT)៕