(បរទេស)៖ ក្រុមហ៊ុន Tesla របស់ Elon Musk បានបង្ហាញ robotaxi ដែលធ្លាប់សន្យាជាយូរមកហើយ ខណៈចំណុចគួរឲ្យចាប់អារម្មណ៍លើរថយន្តប្រភេទនេះ គឺមានទ្វារស្លាបពីរ និងគ្មានដៃចង្កូត ឬឈ្នាន់ហ្វ្រាំងនោះទេ។ Robotaxi នេះត្រូវបានបង្ហាញនៅក្នុងព្រឹត្តិការណ៍មួយដែលធ្វើឡើងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍ និងជាផលិតផលចេញមកដើម្បីត្រួសត្រាយផ្លូវ សម្រាប់ជំរុញកំណើនរយៈពេលវែងរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤។
Elon Musk ដែលមកដល់ឆាកនៃព្រឹត្តិការណ៍ជាមួយ Robotaxis មានឈ្មោះថា «Cybercab» នោះ បានថ្លែងទៅកាន់មហាជនថា ការផលិតនឹងចាប់ផ្តើមនៅឆ្នាំ២០២៦ ហើយរថយន្តនេះនឹងមានតម្លៃតិចជាង ៣០,០០០ដុល្លារក្នុងមួយគ្រឿង។ អ្នកបើកបរនឹងចំណាយប្រាក់ត្រឹមតែ ២០សេនប៉ុណ្ណោះក្នុងមួយម៉ាយ សម្រាប់ដំណើរការបើកបរលើដងផ្លូវ។ ផែនការរបស់ Elon Musk គឺដើម្បីដំណើរការរថយន្តប្រភេទ Robotaxis នេះ ឲ្យវាអាចបើកបរដោយខ្លួនឯង ដែលអ្នកដំណើរអាចប្រើប្រាស់កម្មវិធីម្យ៉ាងមិនទាន់បង្ហាញឈ្មោះ។
គួរជម្រាបថា សម្រាប់អ្នកចូលរួមទស្សនាការបង្ហាញរថយន្តខាងលើ រួមមានអ្នកវិនិយោគ អ្នកវិភាគភាគហ៊ុន និងអ្នកគាំទ្រ Tesla ជាដើម។ ចំពោះការផលិតរថយន្តនេះឡើង ត្រូវបានអ្នកនិពន្ធរឿងជនជាតិអាមេរិក Isaac Asimov បញ្ចេញមតិថា ក្រុមហ៊ុន Tesla របស់ Elon Musk «គួរតែត្រូវបានគេគិតថា ជាក្រុមហ៊ុនមនុស្សយន្ត AI ជាជាងក្រុមហ៊ុនផលិតរថយន្ត»៕