(ភ្នំពេញ)៖ ក្រុមកីឡាម៉ូតូទឹកជម្រើសជាតិកម្ពុជា បានសាងភាពភ្ញាក់ផ្អើលជាថ្មី ក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកពានរង្វាន់ពិភពលោក WGP#1 Water Jet World Series 2024 ជុំទី២ នៅសហរដ្ឋអាមេរិក បន្ទាប់ពីដណ្ដើមបានមេដាយ ៤គ្រឿងបន្ថែម (មាស ៣ និងសំរឹទ្ធ ១) នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ នេះ (ពេលវេលានៅកម្ពុជា) ។
សម្រាប់មេដាយ ៤គ្រឿងចុងក្រោយ ដែលក្រុមម៉ូតូទឹកកម្ពុជា ទើបដណ្ដើមបានជូនជាតិខាងលើ គឺវីរកីឡាករ សាលី អ៊ូមើត ដែលជាអគ្គលេខាធិការសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា និងជាប្រធានក្រុមម៉ូតូទឹកកម្ពុជា ដណ្ដើមបានមេដាយ ២គ្រឿង (មាស ១ និងសំរឹទ្ធ ១) ខណៈមេដាយមាស ២គ្រឿងទៀត ដណ្ដើមបានដោយកីឡាករ សាលី ហ្វីលីន ។ សរុបលទ្ធផលក្រោយឆ្លងកាត់ការប្រកួត ៥ថ្ងៃកន្លងមក កម្ពុជាដណ្ដើមបានមេដាយសរុប ១០គ្រឿង (មាស ៦ ប្រាក់ ៣ និងសំរឹទ្ធ ១) ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺកីឡាករវ័យក្មេង សាលី ហ្វីលីន ដែលត្រូវបានថ្នាក់ដឹកនាំសហព័ន្ធ ចាត់ទុកជា Golden Boy ក្រោយដណ្ដើមបានមេដាយ ៥គ្រឿង (មាស ២ ប្រាក់ ២ និងសំរឹទ្ធ ១) ក្នុងព្រឹត្តិការណ៍ WGP#1 Water Jet World Series ជុំទី៣ នៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០២៣ គឺបានបំបែកកំណត់ត្រចាស់ខ្លួន ដោយដណ្ដើមបានមេដាយសរុប ៦គ្រឿងម្នាក់ឯង ក្នុងនោះមានមេដាយមាស ៤ និងប្រាក់ ២ ។ នេះគឺជាសមិទ្ធផលគួរឲ្យភ្ញាក់ផ្អើល សម្រាប់បណ្ដាប្រទេសចូលរួមទាំងអស់ ។
គួរដឹងថា ព្រឹត្តិការណ៍ WGP#1 Water Jet World Series 2024 ជុំទី២ នៅសហរដ្ឋអាមេរិ ប្រព្រឹត្តទៅពីថ្ងៃទី០៧-១៣ ខែតុលា ឆ្នាំ២០២៤ មុនបន្ដការប្រកួតជុំទី៣ ដែលជាជុំផ្ដាច់ព្រ័ត្រ នៅថៃ នាថ្ងៃទី១១-១៥ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខ ។ កាលពីជុំទី១ នៅប៊ូឡូញ ក្រុមម៉ូតូទឹកកម្ពុជា ដណ្ដើមបានមេដាយ ៦គ្រឿង (មាស ២ ប្រាក់ ២ និងសំរឹទ្ធ ២) ។ ដូច្នេះបច្ចុប្បន្នក្រុមកម្ពុជា បានបំបែកកំណត់ត្រាចាស់ ជាមួយការដណ្ដើមបានមេដាយយ៉ាងច្រើន រហូតដល់ ១០គ្រឿង (មាស ៦ ប្រាក់ ៣ និងសំរឹទ្ធ ១) ៕