(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Meta Platfrom បានប្រកាសថាខ្លួនបានលុបចោលនូវគណនីក្លែងក្លាយទាំងនៅលើ Facebook និង Instagram មួយចំនួនធំនៅក្នុងប្រទេសម៉ុលដាវី (Moldova) ខណៈដែលប្រទេសនេះកាន់តែខិតជិតការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤។ ប្រកាសនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីសមាជិកព្រឹទ្ធិសភាអាមេរិកបានអំពាវនាវឱ្យក្រុមហ៊ុនដោះស្រាយព័ត៌មានមិនពិតរបស់រុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤។
ក្រុមហ៊ុនមេរបស់ Facebook បាននិយាយថា ខ្លួនបានលុបគណនី Facebook ចំនួន ៧, page ចំនួន ២៣, Group ចំនួន ១ និងគណនី Instagram ចំនួន ២០ ជុំវិញការបំពានលើគោលការណ៍របស់ខ្លួនប្រឆាំងនឹង «ការបង្ហោះខ្លឹមសារអុជអាល ឬការរិះគន់» ដែលខុសពីការពិត។ បណ្តាញគណនីទាំងនេះ ត្រូវបានគេរកឃើញថាមានប្រភពចេញមកពីជនជាតិម៉ុលដាវី ដែលនិយាយភាសារុស្ស៊ី ដោយពួកគេបានបង្ហោះនូវខ្លឹមសារដែលរិះគន់ប្រធានាធិបតីលោកស្រី Maia Sandu, អ្នកនយោបាយគាំទ្រសហភាពអឺរ៉ុប និងទំនាក់ទំនងជិតស្និទ្ធរវាងម៉ុលដាវី និងរ៉ូម៉ានី និងគាំទ្រគណបក្សគាំទ្ររុស្ស៊ីនៅម៉ុលដាវី។ Meta គូសបញ្ជាក់ថា ការដកគណនីទាំងនេះ គឺជាការតស៊ូដែលកំពុងបន្តប្រឆាំងនឹងព័ត៌មានមិនពិតនៅក្នុងទិដ្ឋភាពបោះឆ្នោតរបស់ប្រទេសម៉ុលដាវី។
គួរជម្រាបថា Follower ភាគច្រើនដែលគាំទ្រគណនីក្លែងក្លាយទាំងនេះត្រូវបាន Meta រកឃើញមានមូលដា្ឋននៅក្រៅប្រទេសម៉ុលដាវី ដែលជាហេតុធ្វើឱ្យប្រជាប្រិយភាពរបស់ពួកគេកើនឡើង។ ក្នុងនោះអ្នកប្រើប្រាស់ប្រមាណ ៤,២០០នាក់បាន followed Facebook pages ហើយប្រហែល ៣៣៥,០០០នាក់បាន followed នៅលើគណនី Instagram៕