(ភ្នំពេញ)៖ កម្មវិធីប្រកួតយកដុំមាសរបស់ធនាគារ វីង បានបិទបញ្ចប់រដូវកាលទី២ដោយបានរៀបចំកម្មវិធីប្រគល់ មាសទម្ងន់កន្លះគីឡូជូនអ្នកឈ្នះដំបូងគេ។
កម្មវិធីប្រកួតយកដុំមាសរបស់ធនាគារ វីង ដែលបានចាប់ផ្តើមនៅដើមឆ្នាំនេះ បានបិទបញ្ចប់រដូវកាលទី២ហើយ ដោយមានការរៀបចំកម្មវិធីប្រគល់រង្វាន់ទៅដល់អ្នកឈ្នះយ៉ាងអធិកអធមនៅឯអគារធនាគារ វីង ថៅវើ។
អ្នកឈ្នះដុំមាសនេះ គឺលោក Mark Chen ដែលជាជនជាតិហូឡង់បានក្លាយជាអតិថិជនដំបូងគេប្រមូលបាន ១៥.០០០ វីងភ័ញតាមរយៈអេប Wing Bank ហើយទទួលបានដុំមាស ទម្ងន់កន្លះគីឡូ។
កម្មវិធីប្រកួតយកដុំមាសត្រូវបានបង្កើតឡើង ដើម្បីជាការលើកទឹកចិត្តក្នុងការប្រើប្រាស់អេប Wing Bank ក៏ដូចជាទទួលបាននូវតម្លៃបន្ថែមពីវីងភ័ញ។ អតិថិជនអាចប្រមូលវីងភ័ញពីការទូទាត់ KHQR របស់ធនាគារ វីង កុម្ម៉ង់អាហារ ឬទំនិញនៅលើអេប Wingmall ប្រើប្រាស់អេប Wing Bank ដើម្បីទូទាត់សេវាផ្សេងៗ ហើយក៏អាចឈ្នះរង្វាន់ជាច្រើនពីកម្មវិធី បើកហិបឈ្នះរង្វាន់ផងដែរ។
វីងភ័ញអាចប្រើប្រាស់ដើម្បីប្តូរយកផលិតផលជាង ១០០.០០០មុខ នៅលើអេប Wingmall ដែលមានទំនិញ និងផលិតផលជាច្រើនប្រភេទរួមមាន គ្រឿងអេឡិចត្រូនិច, សម្ភារៈប្រើប្រាស់ក្នុងផ្ទះ, ភេសជ្ជៈ, ម្ហូបអាហារឆ្ងាញ់ៗ និងទំនិញជាច្រើនប្រភេទទៀត។
ជាមួយនឹងកម្មវិធីប្រកួតយកដុំមាស ដែលតម្រូវឱ្យអតិថិជនប្រមូលឱ្យបាន ១៥.០០០ វីងភ័ញ ដើម្បីឈ្នះដុំមាសកន្លះគីឡូនេះ បានផ្តល់នូវអត្ថប្រយោជន៍កាន់តែច្រើនថែមទៀតជូនអតិថិជន ក៏ដូចជាលើកទឹកចិត្តដល់ការប្រើប្រាស់សេវាកម្មធនាគារ វីង។
លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានលើកឡើងថា «លើសពីកម្មវិធីផ្តល់រង្វាន់ធម្មតា ការប្រកួតយកដុំមាសគឺជាការថ្លែងអំណរគុណទៅដល់អតិថិជនទាំងអស់ ក៏ដូចជាជំរុញលើកទឹកចិត្តការប្រើប្រាស់សេវាហិរញ្ញវត្ថុតាមប្រព័ន្ធឌីជីថលឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត និងការទាញយកអត្ថប្រយោជន៍នៃការទូទាត់ដោយមិនចាំបាច់ប្រើប្រាស់ក្រដាសប្រាក់ដោយផ្ទាល់នោះឡើយ»។
លោក Mark Chen ដែលជាអ្នកឈ្នះដុំមាសរដូវកាលទី២ មកពីប្រទេសហូឡង់ បានមករស់នៅរាជធានីភ្នំពេញចាប់តាំងពីឆ្នាំ២០១៤ ហើយប្រកបមុខរបរជាអ្នកឯកទេសព្យាបាលដោយចលនាចំពោះការឈឺចុករោយ រ៉ាំរ៉ៃ និងការស្តារនីតិសម្បទា ព្រមទាំងជាគ្រូបង្ហាត់ផ្ទាល់ខ្លួនផ្នែកកីឡាអាជីពផងដែរ។
លោក Mark Chen បានលើកឡើងថា «ខ្ញុំបានប្រើប្រាស់សេវាកម្មរបស់វីង តាំងពីមុនពេលការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិចមានការពេញនិយមមកម្ល៉េះ ហើយខ្ញុំទទួលបានប្រយោជន៍ពីសេវាកម្មជាច្រើនរបស់វីងអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ខ្ញុំចាប់មានអារម្មណ៍វិនិយោគលើមាស និងប្រាក់ ដែលប្រហែលជាកត្តាជំរុញឱ្យខ្ញុំចូលរួមប្រកួតយកដុំមាសលើកនេះ»។ លោក Mark Chen បានចូលរួមប្រកួតយកដុំមាស ដោយគាត់ត្រូវប្រមូលឱ្យបាន ១៥.០០០ វីងភ័ញ ដើម្បីឈ្នះរង្វាន់ដុំមាសនៅក្នុងរដូវកាលទី២នេះ។
លោក Mark Chen បានបន្តថា «ខ្ញុំតាំងចិត្តថានឹងយកវាឱ្យបាន ឥឡូវខ្ញុំទទួលបានយ៉ាងពិតប្រាកដមែន។ វាពិតជាគាប់ជួនខ្លាំងមែនទែន ស្របពេលដែលយើងខ្ញុំបានត្រៀមស្វាមគមន៍កូនដំបូង ហើយយើងគ្រោងធ្វើដំណើរទៅកាន់ប្រទេសហូឡង់ដើម្បីណែនាំកូនប្រុសដំបូងរបស់យើងទៅកាន់ក្រុមគ្រួសារនៅទីនោះ។ រង្វាន់នេះជួយឱ្យយើងខ្ញុំបង្កើតនូវអនុស្សារីយ៍ដែលមិនអាចបំភ្លេចបាន ហើយក៏ជាការរួមចំណែកដល់អនាគតកូនរបស់យើងខ្ញុំផងដែរ។ សូមអរគុណដល់ធនាគារ វីង ផ្តល់នូវភាពច្នៃប្រឌិត ភាពរីករាយ និងងាយស្រួលប្រើប្រាស់»។
លោក ហោ ប៊ុនថែ បានបន្ថែមថា «ស្របពេលដែលកម្មវិធីប្រកួតយកដុំមាសរដូវកាលទី៣ បានចាប់ផ្តើម យើងខ្ញុំរង់ចាំស្វាគមន៍អ្នកឈ្នះជាច្រើនទៀត ក៏ដូចជាចូលរួមជាសក្ខីភាពជំរុញកំណើននៃការទទួលយកអត្ថប្រយោជន៍ពីការប្រើប្រាស់ការទូទាត់ដែលមិនប្រើក្រដាសប្រាក់»។
ទន្ទឹមគ្នានេះ កម្មវិធីប្រកួតយកដុំមាសរដូវកាលទី៣ បានបើកឱ្យប្រកួតយកដុំមាសចំនួន១រង្វាន់ទៀត។ អតិថិជនប្រើប្រាស់Wing Bank កាន់តែច្រើន នោះនឹងប្រមូលវីងភ័ញបានកាន់តែច្រើន។ អតិថិជនដែលប្រមូលបាន ១៥.០០០ វីងភ័ញមុនគេ នឹងក្លាយជាអ្នកឈ្នះនៅក្នុងរដូវកាលថ្មីនេះ។ លទ្ធផលអ្នកឈ្នះនឹងប្រកាសនៅចុងឆ្នាំនេះ៕