(ព្រះសីហនុ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី១២ ខែតុលានេះ បន្ដរៀបចំពិធីរត់ភ្លើងគប់កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ នៅខេត្តព្រះសីហនុ ឆ្ពោះទៅរកពិធីបើកការប្រកួតផ្លូវការនាថ្ងៃទី៣០ ខែតុលាខាងមុខ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
ព្រះសីហនុ គឺជាខេត្តទី២ ដែលបានដំណើរការពិធីរត់ភ្លើងគប់ បន្ទាប់ពីចេញដំណើរពីខេត្តកែប កាលពីថ្ងៃទី០៥ ខែតុលាកន្លងទៅ។ សម្រាប់ពិធីរត់ភ្លើងគប់អបអរសាទរការប្រកួតកីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ នៅទឹកដីតំបន់ឆ្នេរស្អាតពិភពលោកនេះដែរ គេឃើញមានការចូលរួមយ៉ាងច្រើនកុះករពីថ្នាក់ដឹកនាំខេត្ត មន្ដ្រីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋ នៃខេត្តព្រះសីហនុ ដែលជំរុញឲ្យកម្មវិធីនេះ ប្រព្រឹត្តទៅក្រោមបរិយាកាសដ៏ឱឡារិក និងសប្បាយរីករាយក្រៃលែង។
លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា គោលការណ៍នៃការរៀបចំពិធីរត់ភ្លើងគប់កីឡាជាតិឆ្នាំនេះ ខុសប្លែកពីមុនៗ ដែលជាដំណើរការមួយ ដើម្បីបំផុសចលនាយុទ្ធនាការអប់រំ «កីឡារត់ក្នុងសន្ដិភាព» និង «ប្រជាជនម្នាក់លេងកីឡាមួយប្រភេទប្រចាំជីវិត» ពិសេសកីឡាជាតិឆ្នាំនេះ ដែលរៀបចំឡើងក្រោមបុព្វបទ «កីឡាជាតិដើម្បីព្រែកជីកហ្វូណនតេជោ»។
ខេត្តព្រះសីហនុ គឺជាខេត្តមានសក្ដានុពល សម្រាប់ប្រភេទកីឡាលើទឹកចិត្ត និងលើឆ្នេរ ហើយក៏ត្រូវទទួលរៀបចំការប្រកួតកីឡាមួយចំនួនក្នុងកីឡាជាតិដែរ។ ក្នុងនាមក្រសួងអប់រំ លោក វ៉ាត់ ចំរើន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ខេត្ត ពិសេសក្នុងពិធីរត់ភ្លើងគប់ ដែលថ្នាក់ដឹកនាំបានរៀបចំយ៉ាងគគ្រឹកគគ្រេង មានសណ្ដាប់ធ្នាប់ល្អ មានការលើកទឹកចិត្តពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋយ៉ាងច្រើនបានចូលរួម ដែលបង្ហាញពីភាពលេចធ្លោរក្នុងសកម្មភាពកីឡាជាតិ។
បន្ទាប់ពីខេត្តកែប និងខេត្តព្រះសីហនុ ពិធីរត់ភ្លើងគប់ នឹងបន្ដពិធីដង្ហែទៅកាន់ខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៩ ខែតុលា មុនបន្ដដង្ហែទៅកាន់ខេត្តស្វាយរៀងនាថ្ងៃទី២៦ ខែតុលា និងចុងក្រោយ ត្រូវដង្ហែចេញពីកន្លែងបើកការដ្ឋានសាងសង់គម្រោង «ព្រែកជីកហ្វូណនតេជោ» ឆ្ពោះទៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ដើម្បីប្រារព្ធពិធីបើកការប្រកួតផ្លូវការនៃព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចបវរធិបតីនាយករដ្ឋមន្ដ្រី។
សូមបញ្ជាក់ថា ខេត្តព្រះសីហនុ នឹងត្រូវទទួលសិទ្ធិរៀបចំការប្រកួតកីឡា ២ប្រភេទ នៃការប្រកួតកីឡាជាតិ លើកទី៤ រួមមានកីឡាទូកក្តោង និងកីឡាម៉ូតូទឹក។ ចំពោះព្រឹត្តិការណ៍កីឡាជាតិ ២ឆ្នាំម្ដងនេះដែរ នឹងចាប់ផ្ដើមពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមរាជធានី-ខេត្តចំនួន៥ រួមមានរាជធានីភ្នំពេញ ខេត្តកែប ខេត្ដព្រះសីហនុ ខេត្តកំពង់ឆ្នាំង និងខេត្តស្វាយរៀង៕