(ភ្នំពេញ)៖ សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា បានបញ្ជូនគ្រូបង្វឹក អាជ្ញាកណ្ដាល និងកីឡាករ-កីឡាការិនីសរុបចំនួន ១០នាក់ ចូលរួមការប្រកួតកីឡាយុទ្ធគុនចម្រុះ AMMA Manila Open 2024 នៅប្រទេសហ្វីលីពីន ដែលនឹងចាប់ផ្ដើមការប្រកួតផ្លូវការ ចាប់ពីថ្ងៃទី១៤-១៦ ខែតុលា ឆ្នាំ២០២៤ ខាងមុខ។
មុនចាកចេញពីមាតុភូមិ នៅយប់រំលងអធ្រាត្យឈានចូលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ សម្រាប់បេសកកម្មរបស់ក្រុមកីឡាយុទ្ធគុនចម្រុះកម្ពុជាខាងលើ ក៏មានការអញ្ជើញជូនដំណឹងពីលោក វ៉ា ស៊ិនភីរម្យ ទីប្រឹក្សាជាន់ខ្ពស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអនុប្រធានទី១ សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជាផងដែរ។
លោក ជឹម ធារ៉ា អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា នេះគឺជាលើកដំបូងហើយ ដែលសហព័ន្ធកីឡាយុទ្ធគុនចម្រុះអាស៊ី (AMMA) បានរៀបចំការប្រកួតយុទ្ធគុនចម្រុះលក្ខណៈអន្ដរជាតិបើកសេរី ឬ AMMA Manila Open 2024 នេះឡើង ដើម្បីផ្ដល់ឱកាសដល់បណ្ដាប្រទេសសមាជិក ពិសេសកីឡាករ-កីឡាការិនី ដែលខិតខំហ្វឹកហាត់បានចូលរួមប្រកួត និងបង្ហាញសមត្ថភាព បន្ទាប់ពីខកខានចូលរួមការប្រកួតកីឡាក្នុងសាល និងយុទ្ធគុនអាស៊ី (Asian Indoor and Martial Arts Games) លើកទី៦ នៅថៃ ដែលត្រូវបានលុបចោល។
លោកបន្ដថា ការប្រកួតនេះមានអត្តពលិកមកពី ២០ប្រទេសចូលរួម តែមិនមានគ្រប់កីឡាករ-កីឡាការិនីអាចចូលរួមប្រកួតបាននោះទេ លុះត្រាកីឡាករ-កីឡាការិនី ដែលជាប់វគ្គជម្រុះ (Qualify) ពីលេខ១ ដល់លេខ៨ នៃការប្រកួតកីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ នៅកម្ពុជា កាលពីខែកក្កដាកន្លងទៅ ដោយក្នុងមួយប្រទេស AMMA អនុញ្ញាតឲ្យចូលរួមប្រកួតត្រឹម ៦នាក់ប៉ុណ្ណោះ ក្នុងនោះកម្ពុជា ក៏ទទួលបានកូតាចូលរួមទាំង ៦នាក់ពេញ ដ្បិតកីឡាករ-កីឡាការិនីស្ទើរ ១០០% បានឈ្នះមេដាយក្នុងការប្រកួតជើងឯកអាស៊ី កាលពីថ្មីៗ។
ទន្ទឹមជាមួយគ្នា ក្នុងនាមសមាជិក AMMA អគ្គលេខាធិការសហព័ន្ធខាងលើ បានបង្ហាញការគាំទ្រ ចំពោះការរៀបចំព្រឹត្តិការណ៍ AMMA Manila Open 2024 នេះឡើង ដើម្បីផ្ដល់ឱកាសដល់កីឡាករ-កីឡាការិនីកម្ពុជា ក៏ដូចជាបណ្ដាប្រទេសសមាជិកទាំងអស់ បានចូលរួមប្រកួត និងវាស់ស្ទង់សមត្ថភាព ក៏ដូចជាអភិវឌ្ឍន៍សមត្ថភាព និងបច្ចេកទេសកាន់តែប្រសើរ សម្រាប់ត្រៀមការប្រកួតនានា ពិសេសកម្ពុជា ដែលត្រៀមនឹងចូលរួមការប្រកួតជើងឯកពិភពលោក ឆ្នាំ២០២៤ នៅប្រទេសឥណ្ឌូនេស៊ី ក៏ដូចជាព្រឹត្តិការណ៍អន្ដរជាតិផ្សេងៗទៀត។
គួរដឹងថា អត្តពលិកយុទ្ធគុនចម្រុះកម្ពុជា ៦រូប ដែលបានចេញទៅប្រកួតក្នុងកម្មវិធី AMMA Manila Open 2024 រួមមានកីឡាករ ហាត ផី, ឡុង ឡា, មាស ម៉ើ, ផេង សុបញ្ញា, បូ ពេជ្រពណ្ណរាយ និងកីឡាការិនី គន្ធ វណ្ណនីតា ដែលដឹកនាំដោយលោក ហ៊ុន ច័ន្ទរាជ្យ ជាគ្រូបង្វឹក និងលោក Fernando Gustavo Salvador ជាគ្រូជំនួយ ព្រមទាំងអាជ្ញាកណ្ដាលអន្ដរជាតិ ២រូប គឺលោក គង់ម៉ូណា មិថុរ៉ា និងលោក សុន ចាន់បូរ៉ី ដែលទទួលបានការអញ្ជើញចូលរួមកាត់សេចក្ដីក្នុងការប្រកួតអន្ដរជាតិនេះផងដែរ៕