(បរទេស)៖ ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បានធ្លាក់ចុះជិត ៩% គិតត្រឹមថ្ងៃសុក្រសប្តាហ៍នេះ បន្ទាប់ពីព្រឹត្តិការណ៍ប្រកាសបង្ហាញរថយន្ត Robotaxi ឈ្មោះថា «Cybercab» ដែលរចនាឡើងដោយគ្មានដៃចង្កូត និងឈ្នាន់បើកបរឡើយ។ ប្រការនេះបានធ្វើឲ្យអ្នកវិនិយោគជាច្រើនសម្តែងក្តីបារម្ភ ជាហេតុធ្វើឲ្យតម្លៃភាគហ៊ុនធ្លាក់ចុះ។ នេះបើតាមការចេញផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤។
នាយកប្រតិបត្តិ Telsa លោក Elon Musk ដែលចូលចិត្តធ្វើអ្វីមួយមិនឲ្យច្រឡំគេនោះ បានបង្ហាញរថយន្ត Cybercab ជាប្រភេទរថយន្តបើកបរដោយស្វ័យប្រវត្តិ គ្មានដៃចង្កូត ឬឈ្នាន់បើកបរ មានតម្លៃក្រោម៣ម៉ឺនដុល្លារ ។ Elon Musk បាននិយាយថា ក្រុមហ៊ុនសង្ឃឹមថានឹងផលិត Cybercab មុនឆ្នាំ២០២៧ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតអំពីកន្លែងដែលរថយន្តនឹងត្រូវបានផលិតនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ បច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិនៅតែទាមទារមនុស្សជាអ្នកបញ្ជារ ដើម្បីកាច់ចង្កូត ឬជាន់ហ្វ្រាំង។
គួរជម្រាបថា Robotaxi នេះត្រូវបានបង្ហាញនៅក្នុងព្រឹត្តិការណ៍មួយដែលធ្វើឡើងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍ និងជាផលិតផលចេញមកដើម្បីត្រួសត្រាយផ្លូវ សម្រាប់ជំរុញកំណើនរយៈពេលវែងរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla។ ផែនការរបស់ Elon Musk គឺដើម្បីដំណើរការរថយន្ត Cybercab នេះជាប្រភេទរថយន្តតាក់ស៉ី ដែលចំណាយប្រាក់ខ្ទង់៨០០រៀលប៉ុណ្ណោះ សម្រាប់រយៈចំងាយ១គីឡូកន្លះ។ តែយ៉ាងណា លោកក៏បានប្រកាសលក់សម្រាប់អ្នកដែលចង់ទិញរថយន្តនេះយកទៅជិះផងដែរ ដែលមានតម្លៃក្រោម៣ម៉ឺនដុល្លារ៕