(វ៉ាសរ)៖ Cristiano Ronaldo រកបានគ្រាប់បាល់កើនដល់ ១៣៣គ្រាប់ហើយជាមួយជម្រើសជាតិ នៅពេលព័រទុយហ្គាល់បំបាក់ម្ចាស់ផ្ទះប៉ូឡូញ ៣-១ នៅរាត្រីថ្ងៃសៅរ៍ ក្នុងពានលីគអឺរ៉ុប UEFA Nations League 2024-2025។
នេះមានន័យថា ប្រធានក្រុមរបស់បច្ចខែលរូបនេះ កើនគ្រាប់ស៊ុតដល់ទៅ ៩០៦គ្រាប់សរុបទាំងក្នុងក្លិបនានា និងជម្រើសជាតិគិតមកដល់បច្ចុប្បន្ន។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
១គ្រាប់បន្ថែមរបស់កីឡាករវ័យ ៣៩ឆ្នាំ Ronaldo គឺជាគ្រាប់នាំមុខទី២ របស់ក្រុមភ្ញៀវព័រទុយហ្គាល់ ពោលគឺនៅនាទី៣៧ ក្រោយពេលមិត្តរួមក្រុម Bernado Silva ជាអ្នករកបានគ្រាប់នាំមុខនៅនាទី២៦ នាកីឡដ្ឋាន Stadion Narodowy វគ្គសន្សំពិន្ទុប្រចាំ League A ក្រុម១។
ក៏ប៉ុន្តែវាជាគ្រាប់ទី៣ របស់ខ្សែប្រយុទ្ធដែលត្រូវបានជ្រើសរើសចេញពីក្លិប Al-Nassr ក្នុងពាន Nations League ជំនាន់ទី៤ ក្រោយពេលរកមិនបានសូម្បី ១គ្រាប់សោះនៅ Euro 2024។ ប្រធានក្រុមរូបនេះត្រូវបានប្តូរចេញ ដោយជំនួសមកវិញនូវកីឡាករ Diogo Jota នៃនាទីទី៦៣។
ព័រទុយហ្គាល់ ដែលលេងឈ្នះទាំង ៣ប្រកួតនៅ Nations League នេះ ត្រូវប៉ះស្កុតឡេន ក្នុងប្រកួតទី៤ របស់ពួកគេ ដ្បិតគូប្រជែងស្កុតឡេនបានចាញ់ទាំង ៣ប្រកួតតែម្តងនៅកីឡដ្ឋាន Hampden Park នារាត្រីថ្ងៃអង្គារសប្តាហ៍ក្រោយ៕