(ម៉ាឌ្រីដ)៖ ខ្សែបម្រើ Martin Zubimendi រកបានគ្រាប់ដំបូងជាមួយជម្រើសជាតិអេស្ប៉ាញ ពីការចូលលេងសរុបបាន ១៣ប្រកួតមកនេះ នៃជំនួបដែលក្រុមជើងឯកអឺរ៉ុបមួយនេះយកឈ្នះដាណឺម៉ាក ១-០ នាយប់មិញក្នុងពាន UEFA Nations League 2024-2025។
Zubimendi ដែលត្រូវបានកោះហៅពីក្លិប Real Sociedad បាន volley ១ជើងពីចម្ងាយក្រៅតំបន់គ្រោះថ្នាក់ចូលទីរបស់ Kasper Schmeichel យ៉ាងស្អាតនៅនាទី៧៩ ក្នុងការរួមចំណែកជួយអេស្ប៉ាញរកបានជ័យជម្នះក្នុងផ្ទះលើកដំបូងផងដែរ គិតចាប់តាំងពីឈ្នះពាន Euro 2024 នាខែកក្កដាមក។
មុនការប្រកួតមកដល់នាយប់មិញនេះដែរ ក៏មានកម្មវិធីបង្ហាញពាន Euro ពីសំណាក់ប្រធានក្រុម Alvaro Morata ដែលពួកគេដណ្តើមបានកាលពីថ្ងៃទី១៤ ខែកក្កដា នៅទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់ ក្រោយឈ្នះតោកំណាចអង់គ្លេស ២-១ នៃវគ្គផ្តាច់ព្រ័ត្រនោះ។
តាមរយៈ ៣ពិន្ទុក្នុងដីកាលពីរាត្រីថ្ងៃសៅរ៍នោះដែរ អេស្ប៉ាញបានឡើងទៅឈរពីលើដាណឺម៉ាកវិញ ក្នុងតំណែងកំពូលតារាងប្រចាំ League A ក្រុម៤ ដែលមាន ៧ពិន្ទុ ក្រោយឆ្លងកាត់ ៣ប្រកួតមកនេះ។ ពួកគេត្រូវបន្តធ្វើម្ចាស់ផ្ទះ ដើម្បីទទួលស្វាគមន៍ស៊ែប៊ីនារាត្រីថ្ងៃអង្គារ នៅពេលដាណឺម៉ាក ត្រូវទៅផ្ទះរបស់ស្វីស ក្នុងប្រកួតទី៤ ជើងទី២ ជាបន្តទៀត៕