(ភ្នំពេញ)៖ នៅពេលដែលនិយោជកធ្វើការជ្រើសរើសកម្មករនិយោជិតឱ្យចូលបំពេញការងារនៅក្នុងសហគ្រាស ឬក្រុមហ៊ុនរបស់ខ្លួន និយោជកតែងតែចុះកិច្ចសន្យាសាកល្បងការងារជាមួយកម្មករនិយោជិត ក្នុងគោលបំណងធ្វើការវិនិច្ឆ័យអំពីសមត្ថភាព ជំនាញ ទេពកោសល្យ និងឆន្ទៈក្នុងការបំពេញការងាររបស់កម្មករនិយោជិត ។ ក្នុងរយៈពេលកិច្ចសន្យាសាកល្បង ក៏ជារយៈពេលសម្រាប់កម្មករនិយោជិតស្គាល់យ៉ាងជាក់លាក់អំពីលក្ខខណ្ឌការងារដែលផ្តល់ដោយនិយោជកផងដែរ មុននឹងភាគីនិយោជក និងភាគីនិយោជិត ព្រមព្រៀងគ្នាបន្តកិច្ចសន្យាការងារ ។
ដើម្បីយល់កាន់តែច្បាស់អំពី កិច្ចសន្យាសាកល្បងការងារ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវី កម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមធ្វើការចែករំលែកជូនសាធារណជន សិស្ស និងនិស្សិតដូចខាងក្រោម។
យោងតាមច្បាប់ស្តីពីការងារ កិច្ចសន្យាការងារត្រូវបានបង្កើតឡើងដោយការព្រមព្រៀងរវាងនិយោជក និងកម្មករនិយោជិត ដែលអាចធ្វើជាលាយលក្ខណ៍អក្សរ ឬដោយផ្ទាល់មាត់បាន ដើម្បីកំណត់នូវសិទ្ធិ និងកាតព្វកិច្ច ឬតួនាទីរបស់ភាគីនៅក្នុងអំឡុងពេលបំពេញការងារ ។ កិច្ចសន្យាការងារត្រូវបានកំណត់ជា២ (ពីរ) ប្រភេទ គឺកិច្ចសន្យាការងារដែលមានថិរវេលាកំណត់ និងកិច្ចសន្យាការងារដែលមានថិរវេលាមិនកំណត់ ។ ក្រៅពីកិច្ចសន្យាការងារទាំង២ (ពីរ) ប្រភេទខាងលើនេះ ច្បាប់ស្តីពីការងារ ក៏មានបញ្ញត្តិអំពីកិច្ចសន្យាសាកល្បងការងារផងដែរ ។ កម្មករនិយោជិតដែលបានចុះកិច្ចសន្យាសាកល្បងត្រូវមានកាតព្វកិច្ចផ្តល់ជាកម្លាំងពលកម្ម ឬសេវាកម្មដល់និយោជក ។
ជាថ្នូរចំពោះការបំពេញការងាររបស់កម្មករនិយោជិត និយោជកនឹងធ្វើការទូទាត់ប្រាក់ឈ្មួល ឬប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិតសម្រាប់ការងារ ឬសេវាកម្មនោះ ហើយប្រាក់ឈ្នួលក្នុងអំឡុងពេលសាកល្បងអាចតិចជាងប្រាក់ឈ្នួលបន្ទាប់ពីរយៈពេលសាកល្បង។ បន្ថែមពីប្រាក់ឈ្មួល ឬប្រាក់ឧបត្ថម្ភ ដែលមានបញ្ញត្តិក្នុងមាត្រា ៦៨ កថាខណ្ឌ ទី២ នៃច្បាប់ស្តីពីការងារ បានបញ្ជាក់ថា សោហ៊ុយទៅមកសម្រាប់កម្មករនិយោជិតសាកល្បង ដែលត្រូវទៅធ្វើការឆ្ងាយពីលំនៅធម្មតាត្រូវនៅក្នុងបន្ទុកនិយោជក ។
ចំពោះរយៈពេលកិច្ចសន្យាសាកល្បង និយោជកអាចកំណត់ថិរវេលាសាកល្បងចំពោះកម្មករនិយោជិតនីមួយៗមិនអាចលើសពី ០៣ (បី) ខែ នោះទេ ។
ចំពោះការកំណត់អតិបរមានៃការសាកល្បងនេះអាចប្រែប្រួលទៅតាមជំនាញនៃកម្មករនិយោជិតម្នាក់ៗដោយយោងតាមមាត្រា ៦៨ វាក្យខ័ណ្ឌទី២ នៃច្បាប់ស្តីពីការងារ និងសេចក្តីណែនាំលេខ ០៥០/១៩ ក.ប/ស.ណ.ន.គ.ប.ក របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដូចខាងក្រោម៖
*រយៈពេល ០៣ (បី) ខែ ចំពោះនិយោជិត (និយោជិតមិនប្រើឯកទេស)
*រយៈពេល ០២ (ពីរ) ខែ ចំពោះកម្មករឯកទេស
*រយៈពេល ០១ (មួយ) ខែ ចំពោះកម្មករធម្មតា ។
ការកំណត់រយៈពេលទាំងនេះអាចផ្តល់ពេលវេលាគ្រប់គ្រាន់សម្រាប់ឱ្យនិយោជកធ្វើការវាយតម្លៃនូវការបំពេញការងាររបស់កម្មករនិយោជិត និងអាចពិចារណាអំពីការបន្ត ឬមិនបន្តកិច្ចសន្យាការងារ ទៅជាកម្មករនិយោជិតពេញសិទ្ធិ ។ គួរបញ្ជាក់ផងដែរថាកិច្ចសន្យាសាកល្បងនេះមិនអាចបន្ត ឬធ្វើសារជាថ្មីបានឡើយ ទោះបីជាមានការព្រមព្រៀងគ្នាក៏ដោយ ។
នៅក្នុងអំឡុងពេលកិច្ចសន្យាសាកល្បង កម្មករនិយោជិតនឹងទទួលបានសិទ្ធិ ការការពារ ប្រាក់ឈ្នួលសមរម្យ និងលក្ខខណ្ឌការងារប្រកបដោយសុវត្ថិភាព រួមទាំងសិទ្ធិបញ្ចប់កិច្ចសន្យាសាកល្បងប្រសិនបើចាំបាច់ដោយមិនបាច់គោរពកាតព្វកិច្ចឱ្យដំណឹងមុន ស្របតាមបញ្ញត្តិនៃមាត្រា ៨២ កថាខណ្ឌទី១ នៃច្បាប់ស្តីពីការងារ ។ ផ្ទុយទៅវិញនិយោជកក៏មានសិទ្ធិបញ្ចប់នូវកិច្ចសន្យាសាកល្បង ប្រសិនបើកម្មករនិយោជិតមិនបំពេញតាមស្តង់ដារនៃការអនុវត្តដែលតម្រូវការ ។
សរុបមកកិច្ចសន្យាសាកល្បងការងារបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងវិស័យការងារ ដែលជាយន្តការមួយសម្រាប់ភាគីនិយោជកអាចវាស់ស្ទង់អំពីសមត្ថភាព ជំនាញ អាកប្បករិយា និងឆន្ទៈក្នុងការបំពេញការងាររបស់កម្មករនិយោជិត ហើយក្នុងរយៈពេលកិច្ចសន្យាសាកល្បង ក៏អាចឱ្យកម្មករនិយោជិតស្គាល់យ៉ាងជាក់លាក់អំពីលក្ខខណ្ឌការងារដែលផ្តល់ដោយនិយោជកផងដែរ មុននឹងភាគីនិយោជក និងភាគីនិយោជិត សម្រេចចិត្ត និងព្រមព្រៀងគ្នាបន្តកិច្ចសន្យាការងារ ។
រៀបរៀងដោយ៖ លោកមេធាវី ម៉េង វណ្ណី និងកញ្ញា ម៉េង សៀវយី ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរសព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥ អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.cicfirm.com ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕