(ភ្នំពេញ)៖ កីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិប្រមាណជិត ៤ពាន់នាក់ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ នេះ បានចូលរួមកម្មវិធីរត់ប្រណាំង AIA Pink Run លើកទី២ នៅមុខសួនច្បារវត្តបទុមវតី ដែលរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្រោមប្រធានបទ «រត់ដើម្បីអបអរសាទរដំណើរការអភិវឌ្ឍ ព្រែកជីកហ្វូណនតេជោ ព្រមទាំងលើកកម្ពស់ការយល់ដឹង និងទប់ស្កាត់ជំងឺមហារីកសុដន់»។
លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC បានបញ្ជាក់ថា កម្មវិធីរត់កម្សាន្ដនេះ រៀបចំឡើងក្នុងគោលបំណងបំផុសប្រជាពលរដ្ឋឲ្យចូលរួមសកម្មភាពកីឡា ដើម្បីទទួលបាននូវសុខភាពល្អ ស្របតាមយុទ្ធនាការប្រជាពលរដ្ឋម្នាក់ត្រូវចេះលេងកីឡាមួយប្រភេទប្រចាំជីវិត ក៏ជាការចូលរួមរត់ដើម្បីអបអរសាទរ និងផ្សព្វផ្សាយនូវដំណើរការអភិវឌ្ឍ ព្រែកជីកហ្វូណនតេជោ ផងដែរ។
លោកបានគូសបញ្ជាក់ថា «យើងមិនភ្លេចទេ រៀងរាល់ព្រឹត្តិការណ៍ យើងតែងតែបញ្ជូលនូវខ្លឹមសារផ្សព្វផ្សាយជារៀងរហូត។ ដូច្នេះពីមួយឆ្នាំទៅមួយឆ្នាំ NOCC តែងតែរួមចំណែកការអនុវត្តនូវគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ព្រឹត្តិការណ៍រត់ប្រណាំងនេះទទួលបានការគាំទ្រពីអ្នករត់ប្រណាំងជិត ៤ពាន់នាក់ ដែលពួកគាត់មានភាពសប្បាយរីករាយ និងរត់ប្រណាំងដើម្បីថែរក្សាសុខភាពបានល្អ។ ការគាំទ្រទាំងអស់គ្នា ប្រមូលផ្តុំគ្នា ក្នុងស្មារតីសាមគ្គីភាពគ្នា និងជំរុញលើកទឹកចិត្តរបស់អ្នករត់ និងបណ្តាក្រុមហ៊ុននានា ដើម្បីគាំទ្របន្ថែមដល់រាជរដ្ឋាភិបាល នៅក្រោមសុខសន្តិភាពពេញបរិបូរណ៍របស់កម្ពុជា»។
លោកបន្ថែមថា នេះគឺជាគោលការណ៍ ដែល NOCC ក្រោមការណែនាំ និងចង្អុលបង្ហាញរបស់លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធាន តែងដាក់ចេញនូវការគាំទ្រគ្រប់ចលនាសង្គមទាំងអស់។ ក្នុងនាម NOCC លោកបានអរគុណដល់ថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ និងគ្រប់ភាគីពាក់ព័ន្ធ ដែលតែងគាំទ្រ និងសហការរៀបចំ ជំរុញឲ្យកម្មវិធីនេះ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។ លោកសង្ឃឹមថា កម្មវិធីក្រោយៗ នឹងមានការចូលរួមកាន់តែច្រើនពីសំណាក់ប្រជាពលរដ្ឋ ដើម្បីបង្កនូវភាពសប្បាយរីករាយ ក៏ដូចជារួមគ្នាកសាង និងអភិវឌ្ឍជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា។
តាមការបញ្ជាក់របស់លោក សែម ផល្លា នាយកបច្ចេកទេសព្រឹត្តិការណ៍ម៉ារ៉ាតុង អមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា កម្មវិធីរត់ AIA Pink Run ឆ្នាំនេះ មានអ្នកចូលរួមសរុប ៣,៨០៦នាក់ ក្នុងនោះមានប្រជាពលរដ្ឋខ្មែរ ៣,៤៣៨នាក់ និងបរទេស (ភាគច្រើនជាអ្នកបំពេញការងារនៅកម្ពុជា)ចំនួន ៣៦៨នាក់។ ចំពោះកីឡាករ-កីឡាការិនី ទទួលបានជយលាភី ក៏ទទួលបានប្រាក់រង្វាន់ និងវត្ថុអនុស្សាវរីយ៍លើកទឹកចិត្តផងដែរ៕