(បរទេស)៖ តោកំណាចអង់គ្លេស រកបានជ័យជម្នះឡើងវិញ តាមរយៈយកឈ្នះម្ចាស់ផ្ទះហ្វាំងឡង់ ៣-១ នៅរាត្រីថ្ងៃអាទិត្យក្នុងព្រឹត្តិការណ៍ UEFA Nations League 2024-2025 បន្ទាប់ពីចាញ់ក្រិច ២-១ នៅកីឡដ្ឋាន Wembley។ នេះបើយោងតាមការចេញដោយ BBC។
Jack Grealish ដែលទើបក្លាយជាឱពុកគេ ជាអ្នកស៊ុតគ្រាប់នាំមុខឱ្យអង់គ្លេស ត្រឹមចាប់ផ្តើមលេងបាន ១៨នាទី នៅកីឡដ្ឋានស្ថិតក្នុងទីក្រុង Helsinki ប្រទេសហ្វាំងឡង់នៃការប្រកួតជើងទី២ វគ្គសន្សំពិន្ទុប្រចាំ League B ក្រុម២ បន្តផ្តល់ការខកចិត្តដល់ហ្វាំងឡង់ ដែលលេង ៤ប្រកួតមិនមានពិន្ទុរាប់សោះ។
Trent Alexander-Arnold និង Declan Rice ក៏បានរួមចំណែករកបានម្នាក់ ១គ្រាប់ផងដែរ នាវេលាចុងម៉ោងនៃវគ្គទី២ នៅពេល Hoskonen រកបានតែ ១គ្រាប់វាយបកឱ្យម្ចាស់ផ្ទះហ្វាំងឡង់ និងជាគ្រាប់ចូលទី២ ផងដែរ ក្រៅពីការរបូត ១០គ្រាប់ ឈរបាតតារាងដដែល។
គ្រូបង្វឹកបណ្តោះអាសន្ន លោក Lee Carsley បានធ្វើការផ្លាស់ប្តូរកីឡាករដល់ទៅ ៦នាក់ ពីឈុតដែលបានចាញ់ក្រិច ២-១ កាលប្រកួតបញ្ចប់ជើងទី១ Nations League ជំនាន់ទី៤ នេះ នៅពេលកីឡាករចាំទី Jordan Pickford ត្រូវបានជំនួសដោយ Dean Henderson ហើយខ្សែប្រយុទ្ធរបស់ Man City គឺ Jack Grealish ក៏ត្រូវបានកោះហៅឡើងវិញផងដែរ ក្នុងជំនួបក្រៅដីទល់នឹងក្រុមដែលឈរនៅលេខរៀងទី៦៤ ក្នុងចំណាត់ថ្នាក់ FIFA World Ranking ហ្វាំងឡង់៕