(បរទេស)៖ គោជល់អេស្ប៉ាញ បានសម្រេចបញ្ជូន key player របស់ពួកគេគឺ Lamine Yamal ត្រឡប់មកផ្ទះវិញ ដើម្បីជៀសវាងរបួសធ្ងន់ធ្ងរបន្ថែមទៀត នៅមុនពេលប៉ះស៊ែប៊ី ក្នុងកម្មវិធី UEFA Nations League 2024-2025 នារាត្រីថ្ងៃពុធ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
ខ្សែប្រយុទ្ធវ័យក្មេងដែលត្រូវបានជ្រើសរើសចេញពីក្លិប FC Barcelona ខាងលើនេះ ត្រូវបានប្តូរចេញនៅនាទីចុងម៉ោង កាលជំនួបដែលអេស្ប៉ាញយកឈ្នះដាណឺម៉ាក ១ទល់នឹង០ នៅរាត្រីថ្ងៃសៅរ៍សប្តាហ៍មុន បន្ទាប់ពីជួបបញ្ហារបួសសាច់ដុំ។
ខ្សែប្រយុទ្ធ Yamal វ័យ ១៧ឆ្នាំ ក៏ត្រូវបានធ្វើការស្កេន MRI នៅថ្ងៃអាទិត្យម្សិលមិញ និងបានបញ្ជូនមកកាន់ក្លិបវិញផងដែរ ក្រោយពេលចាកចេញពីជំរំហ្វឹកហាត់របស់អេស្ប៉ាញរួចមក។
គួរបញ្ជាក់ផងថា កន្លែងរបស់ Lamine Yamal ត្រូវបានគ្រូបង្វឹកអេស្ប៉ាញ លោក De la Fuente ដាក់កីឡាករ Rodrigo Riquelme មកពីក្លិប Atletico Madrid ជំនួសវិញនៃជំនួបជើងទី២ ទល់នឹងក្រុមភ្ញៀវស៊ែប៊ី សម្រាប់វគ្គសន្សំពិន្ទុប្រចាំ League A ក្រុម៤ ជាបន្តទៀត៕