(ភ្នំពេញ)៖ ក្រុមជម្រើសជាតិកម្ពុជា បានធ្វើដំណើរទៅហុងកុងហើយ នាល្ងាចថ្ងៃអាទិត្យកន្លងទៅ ដើម្បីត្រៀមការប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុមម្ចាស់ផ្ទះហុងកុង នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ស្អែក ដែលជាការប្រកួតទី២ ក្រោមដឹកនាំរបស់លោក Koji Gyotoku គ្រូបង្វឹកបណ្ដោះអាសន្នក្រុមគោព្រៃកម្ពុជា។
សម្រាប់ការត្រៀមជួបហុងកុងនេះដែរ លោក Koji បានបញ្ជាក់ថា កីឡាករមិនទាន់បានលេងប្រកួតមុន (ប៉ះឆាយនីសតៃប៉ិ) លោកនឹងព្យាយាមដាក់ពួកគេលេងឲ្យបានគ្រប់គ្នា ដើម្បីមើលសមត្ថភាពពួកគេនៅកម្រិតណា ដើម្បីឈានទៅរកការរៀបចំក្រុមបានកាន់តែល្អប្រសើរត្រៀមការប្រកួតផ្លូវការនាចុងឆ្នាំ។
លោកបន្ដថា សម្រាប់ ២ប្រកួតដំបូងនេះ (ជួបឆាយនីសតៃប៉ិ និងហុកុង) ខ្ញុំគិតថា មិនទាន់គ្រប់គ្រាន់សម្រាប់ខ្ញុំក្នុងការមើលកីឡាករនោះទេ។ ប៉ុន្ដែអ្វីដែលខ្ញុំត្រូវធ្វើ គឺកីឡាករដែលមិនទាន់បានលេងនៅប្រកួតមុន ខ្ញុំនឹងព្យាយាមដាក់ឲ្យពួកគាត់ឲ្យបានលេង ដើម្បីមើលការប្រកួតរបស់ពួកគាត់ ហើយខ្ញុំនឹងព្យាយាមឲ្យអស់ពីសមត្ថភាព សម្រាប់ការប្រកួតបន្ទាប់ធ្វើម៉េចឲ្យបានល្អ»។
គួរដឹងថា មុនចេញទៅប្រកួតមិត្តភាពអន្ដរជាតិក្រៅដីខាងលើ ក្រុមជម្រើសជាតិកម្ពុជា ដែលដឹកនាំដំបូងរបស់បុរសជនជាតិជប៉ុនលោក Koji គឺបានវាយបកយកឈ្នះក្រុមភ្ញៀវឆាយនីសតៃប៉ិ ៣-២ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) រាជធានីភ្នំពេញ។ ក្រោយចប់ការប្រកួតនេះ គ្រូបង្វឹកបណ្ដោះអាសន្នដដែល ក៏បានមើលឃើញកូនក្រុមហាក់មានទំនុកចិត្តជាងមុនផងដែរ៕