(ភ្នំពេញ)៖ ក្រុមហ៊ុន BMW Motorrad Prestige Auto នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤នេះ បានបើកសម្ពោធជាផ្លូវការនៅ Showroom HGB បឹងកក់ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់អ្នកចូលចិត្តម៉ូតូនៅកម្ពុជា។
ព្រឹត្តិការណ៍នេះ មានការចូលរួមជាកិត្តិយសពីក្រុមហ៊ុន BMW Motorrad APAC លោក Shivapada Ray ប្រធានក្រុមហ៊ុន BMW Motorrad Asia Pacific and Importer Markets លោក Thanawat Mahasuwan ប្រធានផ្នែកអាជីវកម្មសម្រាប់ទីផ្សារនាំចូល និងលោក Kriengsak Senaworaprasit ប្រធានផ្នែកអភិវឌ្ឍន៍ប្រចាំតំបន់។
លោកឧកញ៉ា ង៉ូវ លាងហួត ប្រធានក្រុមហ៊ុន HGB បានផ្តល់ជាកិត្តិយសក្នុងការកាត់ខ្សែបូ ដែលជានិមិត្តរូបនៃការចាប់ផ្តើមទំព័រថ្មីសម្រាប់ BMW Motorrad នៅកម្ពុជា ខណៈដែលពិធីនេះក៏បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន HGB ក្នុងការផ្តល់ជូននូវបទពិសោធន៍ម៉ូតូដ៏ប្រណិតដល់អ្នកដែលចូលចិត្តម៉ូតូនៅក្នុងស្រុកផងដែរ។
ពិធីនេះបានបង្ហាញពីសក្ដានុពលទីផ្សារដែលកំពុងរីកចម្រើននៅក្នុងប្រទេសកម្ពុជា ខណៈដែលលោក Jin Yoo បានផ្តល់គន្លឺះសំខាន់អំពីចក្ខុវិស័យយុទ្ធសាស្ត្រ និងភាពរីកចម្រើនរបស់ក្រុមហ៊ុន HGB ។
នៅក្នុងព្រឹត្តិការណ៍ដ៏ពិសេសនេះ ភ្ញៀវដែលបានចូលរួមសុទ្ធតែបានបង្ហាញពីការរំភើបជាខ្លាំងជាមួយនឹងការបង្ហាញនូវម៉ូដែលថ្មីដ៏គួរឱ្យចាប់អារម្មណ៍បំផុត ដែលមានដូចជា ម៉ូតូ BMW R12 NineT, M1000RR, និង R1250 RT ដែលបង្ហាញដោយលោក វ៉ា ភារុណ ។ លើសពីនេះទៅទៀត លោក គឹម សាន ក៏បានបង្ហាញម៉ូតូ BMW R1300 GS ដោយបញ្ជាក់លម្អិតទៅលើលក្ខណៈពិសេសៗ ដែលមានបំពាក់នៅលើម៉ូតូប្រភេទ Full Options នេះ ដែលនាំចូលផ្តាច់មុខដោយ Prestige Auto។
ក្រុមហ៊ុន Prestige Auto សន្យាថានឹងពង្រឹងបទពិសោធន៍នៃការជិះក្នុងស្រុកតាមរយៈព្រឹត្តិការណ៍ផ្សេងៗ រួមទាំងកម្មវិធីបណ្តុះបណ្តាលអ្នកជិះ និងបទពិសោធន៍ជិះក្នុងស្រុក។ ដោយមានការចូលរួមសហការជាមួយ Motorrad Asia ពួកគាត់មានគម្រោងចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិដូចជា Motorrad Days នៅ 8speed Khaoyai ដែលជំរុញសមាគមន៍របស់អ្នកជិះម៉ូតូឲ្យកាន់តែសកម្មភាពរស់រវើក។
ជាមួយគ្នាេនះ លោក Sherwin Cabading បានគូសបញ្ជាក់ពីសារៈសំខាន់នៃការថែទាំដ៏ត្រឹមត្រូវ ដោយបង្ហាញពីរបៀបដែលជាងជំនាញបច្ចេកទេស និងឧបករណ៍គ្រឿងបន្លាស់ដែលត្រឹមត្រូវ ដែលអាចផ្លាស់ប្តូរបទពិសោធន៍របស់អ្នកជិះ ហើយអតិថិជននឹងទទួលបានកញ្ចប់ការធានា និង សេវាកម្ម សម្រាប់ការជាវម៉ូតូថ្មីទាំងអស់ដែលមាននៅក្រុមហ៊ុន Prestige Auto ។
ចំពោះអ្នកនិយមចូលចិត្ត និងស្រលាញ់ម៉ូតូទាំងអស់ អាចធ្វើការទៅកាន់អគារតាំងបង្ហាញថ្មីផ្ទាល់តែម្តង ដើម្បីទទួលបាននូវការផ្តល់ជូនពិសេស និងយល់ដឹងពីរបៀបនៃការត្រួតពិនិត្យម៉ូតូជាប្រចាំដែលអាចបង្កើនប្រសិទ្ធភាពបទពិសោធន៍នៃជិះម៉ូតូអោយបានល្អ។ BMW Motorrad Prestige Auto ត្រៀមខ្លួនជាស្រេចដើម្បីក្លាយជាមូលដ្ឋានគ្រឹះដ៏ចំបងសម្រាប់វិស័យជិះម៉ូតូក្នុងប្រទេសកម្ពុជា ដោយផ្តល់ជូននូវម៉ូតូម៉ូដែលទំនើបៗ និងសេវាកម្មប្រកបដោយគុណភាពខ្ពស់៕