(បរទេស)៖ ស្មាតហ្វូនអេក្រង់បត់កំពុងទទួលបានការពេញនិយមជាខ្លាំងពីសំណាក់អ្នកប្រើប្រាស់ ជាពិសេសក្នុងប្រទេសចិន។ ជាក់ស្តែងក្រុមហ៊ុនចិន Huawei និង Honor បានបង្ហាញការច្នៃប្រឌិតចុងក្រោយបង្អស់របស់ពួកគេនៅក្នុងទីផ្សារស្មាតហ្វូនដែលអាចបត់ និងវាយឡុកទីផ្សារប្រទេសចិនមិនតិចនោះទេ។ ប្រការនេះ បានធ្វើឲ្យក្រុមហ៊ុនទាំងពីរ ទទួលបានជោគជ័យខ្លាំង រហូតទទួលបានចំណែកទីផ្សារដល់ទៅ៧០% សម្រាប់ត្រីមាសទី៣ ក្នុងឆ្នាំ២០២៤នេះ។ នេះបើតាមការចេញផ្សាយពីគេហទំព័រ Huawei Central។
បើយោងតាមការបង្ហោះនៅលើ Weibo ដោយអ្នកទម្លាយ @smartchipguide បានបង្ហាញនូវទិន្នន័យទីផ្សារស្មាតហ្វូនអេក្រង់បត់បានក្នុងប្រទេសចិននាត្រីមាសទី៣ ឆ្នាំ២០២៤នេះ ដោយក្នុងរបាយការណ៍បង្ហាញថា ក្រុមហ៊ុន Huawei និង Honor គឺបានឈរលើកំពូលតារាងដូចគ្នាតែម្តង។ ក្រុមហ៊ុនធំៗទាំងពីរបានគ្រប់គ្រង ៧០% ទៅលើចំណែកទីផ្សារស្មាតហ្វូនអេក្រង់បត់បាននៅប្រទេសចិននាត្រីមាសទី៣ ឆ្នាំនេះ។ ក្រុមហ៊ុន Huawei គឺមានចំណែក ៤៤.៧% ឈរនៅលើកំពូលតារាង ខណៈដែល Honor គឺមានចំណែក ២៥.៦% ឈរនៅលើលំដាប់លេខ២។
គួររំលឹកថា ក្រុមហ៊ុន Huawei បានប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បានរបស់ខ្លួនកាលពីដើមឆ្នាំនេះ ហើយនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ក្រុមហ៊ុននេះបានបន្តបង្ហាញចេញនូវស្មាតហ្វូនអេក្រង់បត់បាន Pocket 2 flip-flip ដែលជាម៉ូដែលថ្មីមានការឌីស្សាញទាក់ទាញខ្លាំងមែនទែន ក្នុងនោះស្មាតហ្វូននេះ ថែមទាំងមានកាមេរ៉ា ៤គ្រាប់ ហើយថែមទាំងមានសមត្ថភាពខ្ពស់ថែមទៀតផង។ ជាបន្តបន្ទាប់ ក្រុមហ៊ុននេះបានបង្ហាញផលិតផលថ្មីរបស់ខ្លួនឥតឈប់ឈរ ជាមួយបច្ចេកវិទ្យា AI ផងដែរ ដែលធ្វើឲ្យអ្នកគាំទ្រពេញចិត្តជាខ្លាំង៕