(បរទេស)៖ ក្រុមហ៊ុនផលិតបន្ទះឈីបកំពូលរបស់តៃវ៉ាន់ TSMC បង្ហាញក្តីរំពឹងថាប្រាក់ចំណេញរបស់ខ្លួននឹងកើនឡើង ៤០% នៅត្រីមាសទីបី នៃឆ្នាំ២០២៤នេះ ខណៈតម្រូវការបន្ទះឈីប AI កំពុងកើនឡើងខ្លាំង។ ក្រុមហ៊ុនផលិតបន្ទះឈីបនេះ ត្រូវបានគេដឹងថា ជាអ្នកផ្គត់ផ្គង់ដ៏ចម្បងរបស់ក្រុមហ៊ុនយក្ស Apple និង Nvidia ដែលក្រុមហ៊ុនទាំងនេះកំពុងទទួលបានជោគជ័យខ្លាំងនៃយុគសម័យ AI នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuteres នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤។
TSMC គ្រោងនឹងរាយការណ៍ពីប្រាក់ចំណេញសុទ្ធចំនួន ៩.២៧ពាន់លានដុល្លារ សម្រាប់ត្រីមាសដែលបានបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា។ នេះបើយោងតាមស្ថាប័នស្រាវជ្រាវទីផ្សារ LSEG SmartEstimate។ TSMC កាលពីសប្តាហ៍មុន ក៏បានរាយការណ៍ផងដែរនូវការកើនឡើងនៃប្រាក់ចំណូលនៅត្រីមាសទី៣របស់ខ្លួន។ អតិថិជនសំខាន់ៗរបស់ TSMC ភាគច្រើនសុទ្ធសឹងតែក្រុមហ៊ុនយក្សរួមនាន Apple, Nvidia, AMD , Qualcomm និង Mediatek ជាដើម។ លោក Li Fang-kuo ប្រធានក្រុមហ៊ុន Capital Management បានឲ្យដឹងថា «ប្រាក់ចំណូលនៅត្រីមាសទី៣ របស់ TSMC នឹងលើសពីការរំពឹងទុក»។
គួរជម្រាបថា TSMC កំពុងចំណាយប្រាក់រាប់ពាន់លានដុល្លារក្នុងការសាងសង់រោងចក្រថ្មីនៅបរទេស រួមទាំង ៦៥ពាន់លានដុល្លារលើរោងចក្រចំនួនបីនៅក្នុងរដ្ឋ Arizona របស់សហរដ្ឋអាមេរិក ទោះបីជាក្រុមហ៊ុននិយាយថា ការផលិតភាគច្រើននឹងនៅតែមាននៅក្នុងតៃវ៉ាន់ក៏ដោយ៕