(សៀមរាប)៖ ក្រុមហ៊ុន សែលកាត សហការជាមួយអង្គការ ផេពភី លើកកម្ពស់យុវជន និងជាអង្គការមិនរកប្រាក់ចំណេញ ដើម្បីផ្តល់សិទ្ធិអំណាចដល់យុវជននៅកម្ពុជា តាមរយៈការឧបត្ថម្ភលំដាប់ប្រាក់សម្រាប់មហោស្រពសហគ្រិន ២០២៤ ដែលបានរៀបចំព្រឹត្តិការណ៍ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។
កម្មវិធីមហោស្រពសហគ្រិន ២០២៤នេះ គឺជាវេទិកាបង្កើតឡើងដើម្បីជំរុញស្មារតីសហគ្រិនដល់យុវជនកម្ពុជាទាំងអស់ ដោយធ្វើបទបង្ហាញពីការចាប់ផ្ដើមអាជីវកម្មប្រកបដោយនវានុត្តន៍ និងទំនាក់ទំនងជាមួយភាគីសំខាន់ៗនៅក្នុងប្រព័ន្ធអេកូឡូស៊ីនៃការផ្តើមអាជីវកម្ម។ ការចូលរួមរបស់ក្រុមហ៊ុនសែលកាតនៅក្នុងព្រឹត្តិការណ៍នេះ ស្របតាមការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជួយលើកម្ពស់ដល់ការអភិវឌ្ឍយុវជន និងគាំទ្រនវានុត្តន៍ឌីជីថលនៅកម្ពុជា។
នៅក្នុងកម្មវិធីមហោស្រពសហគ្រិននេះ ក្រុមហ៊ុន សែលកាត ក៏មានស្តង់មួយដែលអាចផ្តល់ជូនអ្នកចូលរួម បូករួមទាំងសិស្សានុសិស្ស គ្រូបង្រៀន សហគ្រាសធុនតូច និងមធ្យម និងសហគ្រិនដែលទើបចាប់ផ្តើម អាចស្វែងយល់បន្ថែមអំពីផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុនសែលកាតបានផងដែរ។ ក្រុមហ៊ុនបានផ្តល់ជូនពិសេស និងការបញ្ចុះតម្លៃដល់អ្នកចូលរួម ដោយលើកទឹកចិត្តពួកគេឲ្យស្វែងយល់ សម្រាប់ឲ្យក្រុមហ៊ុនសែលកាត អាចគាំទ្រសហគ្រិនភាពរបស់ពួកគេ។
លោក Johnny Wong អគ្គនាយកប្រតិបត្តិ នាយកដ្ឋានពាណិជ្ជកម្ម នៃក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា «យើងខ្ញុំពិតជារំភើបក្នុងការចាប់ដៃគូជាមួយ អង្គការផេពភី ក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ។ សហគ្រិនភាព គឺជាកម្លាំងដ៏មានឥទ្ធិពលសម្រាប់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម ហើយយើងជឿជាក់ថាយុវជនកម្ពុជាមានសក្តានុពលពេញលេញ និងជាកត្តាលិករក្នុងការធ្វើឲ្យមានបម្រែបម្រួលនេះ។ យើងខ្ញុំមានមោទកភាព ក្នុងការគាំទ្រការខិតខំប្រឹងប្រែងរបស់ពួកគាត់»។
ជាមួយគ្នានេះដែរ លោក មាន លុជ្យ នាយកគ្រប់គ្រងអង្គការផេពភី លើកកម្ពស់យុវជន បានមានប្រសាសន៍ថា «អង្គការផេពភី លើកកម្ពស់យុវជន មានមោទកភាពដែលបានក្រុមហ៊ុនសែលកាត គាំទ្រកម្មវិធីមហោស្រពសហគ្រិននៅឆ្នាំនេះ។ ទស្សនៈវិស័យរបស់យើងក្នុងការគាំទ្រយុវជននិងការអប់រំ គឺស្របគ្នាជាមួយនឹងការវិនិយោគរបស់ក្រុមហ៊ុនសែលកាត សម្រាប់នវានុវត្តន៍ឌីជីថលយុវជន ដែលគាត់ជាអនាគតនៃសេដ្ឋកិច្ចកម្ពុជា។ លោកបានបន្តថា លោកពិតជារីករាយណាស់ដែលអាចឲ្យការសហការនេះ ក្លាយជាចំណែកមួយស្ថិតក្នុងផែនការអភិវឌ្ឍសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។
ការចូលរួមរបស់ក្រុមហ៊ុនសែលកាត នៅក្នុងកម្មវិធីមហោស្រពសហគ្រិនជាមួយអង្គការផេពភី គ្រាន់តែជាឧទាហរណ៍មួយនៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ចំពោះទំនួលខុសត្រូវសង្គម និងការយកចិត្តទុកដាក់ក្នុងការគាំទ្រយុវជននៅកម្ពុជា។ តាមរយៈការគាំទ្រគំនិតផ្តួចផ្តើមបែបនេះ ក្រុមហ៊ុនសែលកាត មានគោលបំណងបង្កើតឲ្យមានផលវិជ្ជមានជាច្រើន ដល់អនាគតរបស់ប្រទេសជាតិ។
សូមជម្រាបថា ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ( សែលកាត) បានចាប់ដំណើរការក្នុងឆ្នាំ១៩៩៧ ហើយក៏ជាប្រតិបត្តិករក្នុងស្រុកតែមួយគត់ ដែលបម្រើសេវាកម្មទូរស័ព្ទជូនអតិថិជន យូរជាងគេនៅប្រទេសកម្ពុជា មានប្រវត្តិដ៏យូរលង់និងល្បីល្បាញ មានការច្នៃប្រឌិតខ្ពស់មុនគេក្នុងទីផ្សារកម្ពុជា និងមានបណ្តាញទូរស័ព្ទចល័តលឿនបំផុតគួរជាទីទុកចិត្ត។
ក្រុមហ៊ុននេះ ជាក្រុមហ៊ុនទូរស័ព្ទចល័តដ៏ធំមួយក្នុងប្រទេសកម្ពុជា ដែលមានអតិថិជនជាង៤លាននាក់ ដែលមានសេវាគ្របដណ្តប់ទូទាំងប្រទេស និងមានបណ្តាញចែកចាយដ៏ធំទូលាយ ហើយក្រុមហ៊ុននៅតែរក្សាជំហរនៅក្នុងទីផ្សារ ក្នុងការផ្តល់នូវសេវាទូរគមនាគមន៍ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និងនៅតែបន្តពង្រីកបណ្តាញសេវាគ្របដណ្តប់ដោយប្រសិទ្ធភាពបំផុត៕