(សៀមរាប)៖ ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា កំពុងប្រឹងប្រែងលើការងារជាច្រើននៃគម្រោងជួសជុលប្រាសាទនាគព័ន្ធ ដែលកំពុងរងការខូចខាតឱ្យមានសភាពល្អប្រសើរឡើងវិញ។
បុរាណវិទូ លោក ជា សារិទ្ធ បានឱ្យដឹងថា ក្រុមអ្នកជំនាញកំពុងអនុវត្តន៍គម្រោងជួសជុលជណ្ដើរខាងលិចនៃស្រះខាងកើត ជណ្ដើរខាងត្បូងនៃស្រះខាងជើង ព្រមទាំងកម្រាលដែលនៅជុំវិញស្រះ។
ក្នុងឆ្នាំ២០២៤នេះ ក្នុងចំណោមគម្រោងដែលអ្នកជំនាញបានជួសជុលជណ្ដើរខាងលិចនៃស្រះខាងកើត ជណ្ដើរខាងត្បូងនៃស្រះខាងជើង ព្រមទាំងកម្រាលដែលនៅជុំវិញស្រះនោះ គឺទើបតែបានបញ្ចប់មួយទីតាំងទេ។
រចនាសម្ពន្ធរបស់ប្រាសាទនាគព័ន្ធជាច្រើនកន្លែងកំពុងរងការខូចខាត ដោយសារតែកត្តាអាយុកាល គុណភាពសំណង់ កត្តាទឹកហូរច្រោះ និងរុក្ខជាតិដុះចាក់ឬស។
ដោយសារតែរចនាសម្ពន្ធជាច្រើនរបស់ប្រាសាទនាគព័ន្ធរងការខូចខាតជាច្រើន ធ្វើឱ្យក្រុមអ្នកអភិរក្សធ្លាប់ធ្វើការជួសជុលជាច្រើនសម័យកាលមកហើយដែរ។ ចាប់តាំងពីឆ្នាំ២០០៧-២០០៨ អាជ្ញាធរជាតិអប្សរាធ្លាប់បានស្ដារបារាយណ៍ជ័យតដាកនៅនាគព័ន្ធឡើងវិញ ដើម្បីបញ្ចូលទឹកឱ្យដូចកាលពិសម័យបុរាណ។ ឆ្នាំ២០១០ អាជ្ញាធរជាតិអប្សរាធ្លាប់បានសិក្សាស្រាវជ្រាវ និងធ្វើកំណាយនៅស្រះកណ្ដាលរបស់ប្រាសាទនាគព័ន្ធ ដើម្បីសិក្សាពីរចនាសម្ពន្ធរបស់ស្រះកណ្ដាល និងរចនាសម្ពន្ធរបស់ស្រះផ្សេងៗដែលនៅជុំវិញ។ ឆ្នាំ២០២១ អាជ្ញាធរជាតិអប្សរាបានចាប់ផ្ដើមជួសជុលដំបូលបង្ហូរទឹកខាងត្បូងនិងជណ្ដើរផ្នែកខាងជើងរបស់ស្រះខាងត្បូងព្រមទាំងកម្រាលជុំវិញ។ ជាមួយគ្នានេះ ក្រុមអ្នកជំនាញក៏បានជួសជុលជណ្ដើរថ្មបាយក្រៀមនៅផ្នែកខាងជើង ដែលគេហៅថាកំពង់ទូក។
នៅចន្លោះឆ្នាំ១៩៣៨-១៩៣៩ ក្នុងសម័យបារាំងក៏ធ្លាប់មានការជួសជុលដំបូលទបង្ហូរទឹកទាំង៤ និងស្រះតូចៗ ព្រមទាំងតួប៉មកណ្ដាលនៃប្រាសាទនាគព័ន្ធដែរ។ នៅអំឡុងឆ្នាំ១៩៥៦-១៩៥៧ បារាំងក៏បានជួសជុលស្រះកណ្ដាល និងជណ្ដើរថ្មបាយក្រៀមផងដែរ៕