(ភ្នំពេញ)៖ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវធ្វើការប្រកួតមិត្តភាពអន្ដរជាតិ ជាមួយក្រុមម្ចាស់ផ្ទះហុងកុង នាវេលាម៉ោង ៧យប់ (ម៉ោងនៅកម្ពុជា) ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ នេះនៅកីឡដ្ឋានហុងកុង។
នេះគឺជាការប្រកួតទី២ ដែលដឹកនាំដោយគ្រូបង្វឹកបណ្ដោះអាសន្នលោក Koji Gyotoku បន្ទាប់ពីប្រកួតដំបូង បុរសជនជាតិជប៉ុនរូបនេះ បានដឹកនាំក្រុមគោព្រៃកម្ពុជា វាយបកឈ្នះក្រុមភ្ញៀវឆាយនីសតៃប៉ិ ៣-២ កាលពីចុងសប្ដាហ៍កន្លងទៅ។
លោក Koji បានបញ្ជាក់មុនចាកចេញពីកម្ពុជាថា ជួបហុងកុងល្ងាចនេះ ក៏មិនខុសពីជួបជាមួយឆាយនីសតៃប៉ិដែរ គឺជាការប្រកួតដើម្បីតាមដាន ក៏ដូចជាស្វែងយល់ពីកម្រិតសមត្ថភាពរបស់កីឡាករកម្ពុជា។ យ៉ាងណាមិញ លោកក៏សង្ឃឹមថា កូនក្រុមនឹងធ្វើបានកាន់តែល្អ ដើម្បីទទួលបានជ័យជម្នះក្នុងការប្រកួតនេះដែរ។
គួរដឹងថា គិតចាប់ពីឆ្នាំ១៩៩៩ រហូតដល់បច្ចុប្បន្ន កម្ពុជាធ្លាប់ជួបហុងកុង ចំនួន ៨លើកមកហើយ តែមិនធ្លាប់មានប្រវត្តិឈ្នះហុងកុងឡើយ ពោលគឺចាញ់ ៧ដង និងស្មើ ២ដង។ ដូច្នេះចាំមើលជំនួបមិត្តភាពល្ងាចនេះ លោក Koji អាចកែប្រវត្តិសាស្ដ្រ ដឹកនាំក្រុមគោព្រៃ បំបែកកំណត់ត្រាមិនទាន់ស្គាល់ឈ្នះហុងកុងបានដែលឬទេ?