(ព្រុចសែល)៖ មាន់គកបារាំង ទទួលបានជ័យជម្នះ ២-១ ទៅលើម្ចាស់ផ្ទះបិសាចក្រហមអឺរ៉ុប ប៊ែលហ្សិក មុនពេលបង្ខំចិត្តលេងតែសមាជិក ១០នាក់ចាប់ពីនាទី៧៦ មកនៅពាន UEFA Nations League 2024-2025 នាយប់មិញ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
ក្នុងប្រកួតជើងទី២ វគ្គសន្សំពិន្ទុប្រចាំ League A ក្រុម២ នាកីឡដ្ឋានដែលស្ថិតក្នុងទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិកផងនោះ បារាំងដែលជាជើងឯក Nations League ជំនាន់ទី៣ ឆ្នាំ២០២១ បានបើកការនាំមុខ ១គ្រាប់មុននៅនាទី៣៥ ដោយបាល់ ១១ម៉ែត្រដោយកីឡាករ Randal Kolo Muani និងត្រូវបាន Openda រកគ្រាប់តាមស្មើវិញនាចុងម៉ោងវគ្គទី១។
តែយ៉ាងណា ខ្សែប្រយុទ្ធដែលត្រូវបានជ្រើសរើសចេញពីក្លិប Paris Saint Germain បន្តរកបានគ្រាប់ទី២ និងជាគ្រាប់ជ័យជម្នះតែម្តងនៅនាទី៦២ និងជាគ្រាប់ទី៣ ទៅលើប៊ែលហ្សិកផងដែរក្នុងកម្មវិធី Nations League នាឆ្នាំនេះ។
ក្រុមមាន់គកមួយនេះ ត្រូវលេងតែសមាជិក ១០ នៅពេលខ្វះ ១៤នាទីដល់ម៉ោងបញ្ចប់ការប្រកួត ៩០នាទី នៅពេលប្រធានក្រុម Aurelien Tchouameni ទទួលបានកាតលឿងជាលើកទី២ ដោយសារការបង្កកំហុសទៅលើ Tielemans របស់ប៊ែលហ្សិកនៅក្រៅប្រអប់គ្រោះថ្នាក់។
តាមរយៈ ៣ពិន្ទុជាលើកទី៣ ក្នុងចំណោម ៤ប្រកួតនៅពានលីគអឺរ៉ុប UEFA Nations League បានញាំងឱ្យបារាំងដែលជាជើងឯករងកាលឆ្នាំ២០២៣ បន្តឈរនៅលេខ២ ប្រចាំ League A ក្រុម២ ជាមួយនឹង ៩ពិន្ទុ តាមពីក្រោយអ៊ីតាលីដែលមាន ១០ពិន្ទុឈរទីកំពូលតារាង ស្របពេលប៊ែលហ្សិក ឈរលេខ៣ មាន ៤ពិន្ទុ និងអ៊ីស្រាអែលនៅបាតតារាង ដោយគ្មានពិន្ទុរាប់៕