(យូឌីន)៖ លោក Daniel Maldini គឺជាកីឡាករជំនាន់ទី៣ មកពីត្រកូល Maldini ដែលបានចូលលេងក្នុងក្រុមជម្រើសជាតិអាសូរីអ៊ីតាលី នៅពេលយកឈ្នះគូប្រជែងអ៊ីស្រាអែល ៤-១ នៃពានលីគអឺរ៉ុប UEFA Nations League 2024-2025 នាយប់មិញ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
លោក Paolo ដែលជាឪពុករបស់ Daniel ក៏មានវត្តមាននៅទីក្រុង Udine ក្នុងការទស្សនាផ្ទាល់ប្រកួតយប់មិញនេះដែរ ដែលកាលនៅជាកីឡាករអាជីព លោកធ្លាប់បានចូលលេង ១២៦ប្រកួត ស្របពេលជីតា គឺលោក Cesare ក៏ធ្លាប់បានចូលលេងចំនួន ១៤ប្រកួតជាមួយអ៊ីតាលីដែរ។
ខ្សែបម្រើប្រយុទ្ធ Daniel ដែលបានចូលរួមជាអចិន្រ្តៃយ៍ជាមួយក្លិប Monza នារដូវក្តៅនេះ ក្រោយផ្ទេរចេញពី AC Milan នេះ ត្រូវបានដាក់ឱ្យចូលលេងជំនួសមិត្តរួមក្រុម Giacomo Raspadori ក្នុងខណៈនៅសល់ ១៦នាទីទៀត ដល់ម៉ោងបញ្ចប់ការប្រកួត ៩០នាទី នៃការប្រកួតទី៤ ជើងទី២ ប្រចាំ League A ក្រុម២។
នេះជាលើកដំបូងផងដែរសម្រាប់អ៊ីតាលី ដែលមានទាំងជីតា រួមទាំងឪពុក និងកូន បានចូលរួមដាមួយជម្រើសជាតិនាពេលកន្លងមក ដោយពួកគេទាំង ៣នាក់នេះ ក៏ជាអតីតកីឡាករក្លិប AC Milan ដូចគ្នាដែរ៕