(បរទេស)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់អន្តរជាតិ FIFA នឹងប្រជុំពិភាក្សាជាសកលមួយ ពីប្រព័ន្ធផ្លាស់ប្តូរកីឡាករដែលកន្លងមកមានការប៉ះពាល់ដល់ទ្វីបអឺរ៉ុប។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
កាលពីដើមខែតុលា ឆ្នាំ២០២៤ តុលាការយុត្តិធម៌នៅអឺរ៉ុប បានរកឃើញថា លោក Lassana Diarra អតីតខ្សែបម្រើក្លិបតោខៀវ Chelsea និងកាំភ្លើងធំ Arsenal ដែលបានប្តឹងទៅ FIFA ពីការខូចខាតរបស់លោក។
ច្បាប់នៅអឺរ៉ុបបានចែងថា នៅពេលចុះកិច្ចសន្យាដោយគ្មានតម្លៃផ្ទេរ ក្លិបទាំងឡាយត្រូវតែចូលរួមក្នុងការសងសំណងទៅកីឡាករ ប្រសិនបើការបញ្ចប់កិច្ចសន្យាមុនកាលកំណត់ ដោយគ្មានហេតុផល។
លោក Diarra បានអះអាងថា ច្បាប់នេះបានរារាំងសេរីភាពផ្លាស់ប្តូររបស់លោក ក្រោយពេលកិច្ចសន្យាចាស់ត្រូវបានរំលាយដោយក្លិប Lokomotiv Moscow របស់រុស្ស៊ីកាលឆ្នាំ២០១៤ ថាបានល្មើសច្បាប់។
ប្រការនេះញាំងឱ្យ FIFA បានចេញសេចក្តីប្រកាសមួយកាលពីពេលថ្មីៗនេះថា នឹងបើកកិច្ចសន្ទនាជាសកលមួយជាមួយដៃគូពាក់ព័ន្ធ ពីការធ្វើទំនើបកម្មច្បាប់ខ្លះៗផងដែរ ដែលនឹងត្រូវប្រកាសឡើងវិញនាឆាប់ៗនេះ៕