(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យា និងជាអ្នកផលិតបន្ទះឈីប AI ឈានមុខគេនៅលើពិភពលោក Nvidia បានបង្កើតកំណត់ត្រាថ្មី ដោយបិទភាគហ៊ុនក្នុងតម្លៃដ៏ថ្លៃលើសការរំពឹងទុក ដែលធ្វើឲ្យតម្លៃក្រុមហ៊ុននេះសរុបលើទីផ្សារកើនឡើងដល់ ៣.៤ពាន់ពាន់លានដុល្លារ គិតត្រឹមថ្ងៃចន្ទដើមសប្តាហ៍នេះ។ ប្រការដែលធ្វើឲ្យតម្លៃក្រុមហ៊ុននេះកើនឡើង ដោយសារតែតម្រូវការបន្ទះឈីប AI កើនឡើងខ្លាំង និងដៃគូរបស់ក្រុមហ៊ុននេះសុទ្ធសឹងតែជាក្រុមហ៊ុនយក្សនិងល្បីៗផ្នែកបច្ចេកវិទ្យា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤។
ភាគហ៊ុនបានកើនឡើង ២.៤% ដោយបិទនៅតម្លៃ ១៣៨.០៧ដុល្លារក្នុងមួយហ៊ុននៅថ្ងៃចន្ទដើមសប្តាហ៍នេះ។ ភាគហ៊ុនឥឡូវនេះបានកើនឡើងជិត ១៨០% សម្រាប់ឆ្នាំនេះ ហើយបានកើនឡើងច្រើនជាងប្រាំបួនដងចាប់តាំងពីដើមឆ្នាំ២០២៣។ Nvidia ដែលត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនផលិតនិងលក់បន្ទះឈីប AI នោះ គឺជាអ្នកទទួលផលដ៏ធំបំផុតនៃការរីកចំរើនក្នុងយុគសម័យ AI ពោលក្រុមហ៊ុននេះមានទឹកមាត់លេបខ្លាំង ចាប់តាំងពីការចេញផ្សាយជាសាធារណៈនៃ ChatGPT របស់ក្រុមហ៊ុន OpenAI នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២។ អង្គភាពដំណើរការក្រាហ្វិករបស់ Nvidia ឬ GPUs ត្រូវបានប្រើដើម្បីបង្កើត និងប្រើប្រាស់គំរូ AI កម្រិតខ្ពស់ដែលផ្តល់ថាមពលដល់ ChatGPT និងកម្មវិធីស្រដៀងគ្នានេះ។
ក្រុមហ៊ុនធំៗរួមទាំងក្រុមហ៊ុន Microsoft, Meta, Google និង Amazon កំពុងទិញ GPUs ពីក្រុមហ៊ុន Nvidia ក្នុងបរិមាណដ៏ច្រើន ដើម្បីបង្កើតក្រុមកុំព្យូទ័រធំ ៗ សម្រាប់ការងារ AI កម្រិតខ្ពស់។ យោងតាមអ្នកវិភាគនៅ Mizuho បានឱ្យដឹងថា ក្នុងចំណោមប្រាក់រាប់ពាន់លានដុល្លារ ដែលក្រុមហ៊ុនបច្ចេកវិទ្យាកំពូលកំពុងចំណាយជារៀងរាល់ឆ្នាំលើការបង្កើត AI គឺមានចំនួនទឹកប្រាក់ដ៏ច្រើនលើសលប់នឹងទៅកាន់ Nvidia ដែលគ្រប់គ្រងប្រហែល ៩៥% នៃទីផ្សារសម្រាប់ការបណ្តុះបណ្តាល AI និងបន្ទះឈីប inference។
ប្រាក់ចំណូលរបស់ Nvidia បានកើនឡើងច្រើនជាងពីរដងក្នុងមួយត្រីមាសចុងក្រោយនេះ ។ ថ្មីៗនេះ Nvidia បាននិយាយថា តម្រូវការសម្រាប់ GPU AI ជំនាន់ក្រោយរបស់ខ្លួនដែលមានឈ្មោះថា Blackwell គឺត្រូវបានគេរំពឹងថា នឹងមានប្រាក់ចំណូលរាប់ពាន់លានដុល្លារពីផលិតផលថ្មីនៅក្នុងត្រីមាសទី៤។
ជាមួយនឹងតម្លៃទីផ្សារ ៣.៤ ពាន់ពាន់លានដុល្លារ Nvidia គឺជាក្រុមហ៊ុនដែលមានតម្លៃបំផុតទីពីររបស់សហរដ្ឋអាមេរិក នៅពីក្រោយ Apple ដែលមានតម្លៃប្រហែល ៣.៥៥ពាន់ពាន់លានដុល្លារ៕