(ភ្នំពេញ)៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ នឹងបញ្ជូនកីឡាករជើងខ្លាំង ៣រូប រួមមានកីឡាករ ព្រំ សំណាង, រឿង សោភ័ណ្ឌ និង ថៃ រ៉េត ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ MTGP Fight Night London 2024 នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ខាងមុខ នាទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ។
លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាន កាលពីល្ងាចថ្ងៃច័ន្ទថា នេះជាលើកដំបូងហើយ ដែលអ្នកលេងគុនខ្មែរ ត្រូវបង្ហាញវត្ដមានប្រកួតលើទឹកដីអង់គ្លេស ហើយលោកក៏បានអរគុណដល់គ្រប់ភាគីពាក់ព័ន្ធ ដែលខិតខំប្រឹងប្រែងសហការជាមួយស្ថាប័នជាតិ និងអន្ដរជាតិ ដើម្បីបានបញ្ជូនកីឡាករកម្ពុជាចូលរួមព្រឹត្តិការណ៍ដ៏ធំនេះផងដែរ ។
លោកថា នេះគឺជាកម្មវិធីដ៏ពិសេស ហើយក៏ជាលើកទី១ ដែរ ដែលកីឡាករគុនខ្មែរ បានចេញទៅប្រកួតនៅចក្រភពអង់គ្លេស តាមការអញ្ជើញរបស់ស្ថាប័ន MTGP ដែលជាស្ថាប័នរៀបចំកម្មវិធីប្រដាល់ដ៏ធំមួយនៅទីនោះ ហើយក៏បង្ហាញនូវការទទួលស្គាល់ពីភាពរីកចម្រើននូវសិល្បៈក្បាច់គុនបុរាណខ្មែរ ក៏ដូចគុណភាពរបស់កីឡាករកម្ពុជា ដែលអាចចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ដ៏ធំនេះបាន ហើយញាំងឲ្យការប្រកួតកាន់តែមានភាពទាក់ទាញ ។
ប្រធានសហព័ន្ធដដែលបានបង្ហាញសុទិដ្ឋិនិយមថា «នេះគឺជាឱកាសដ៏ល្អមួយ ដែលគុនខ្មែរយើង បានបង្ហាញខ្លួននៅទឹកដីអង់គ្លេស ក៏ដូចជាផ្សព្វផ្សាយនូវសិល្បៈក្បាច់គុនបុរាណខ្មែរយើង នៅទូទាំងទ្វីបអាស៊ី និងពីភពលោក បានមើឃើញពីភាពអស្ចារ្យនៃក្បាច់គុនខ្មែរ ដែលជាអត្តសញ្ញាណជាតិខ្មែរ និងបន្សល់ទុកដោយបុព្វបុរសខ្មែររាប់ពាន់ឆ្នាំមកហើយ ។ នេះជាឱកាសមួយ ក្នុងនាមយើងជាខ្មែរ កូនចៅជំនាន់ក្រោយ និងជាអ្នកស្នងមរតកក្បាច់គុននេះ ត្រូវតែចូលរួមផ្សព្វផ្សាយឲ្យបានទូលំទូលាយជុំវិញពិភពលោក» ។
ទន្ទឹមជាមួយការចេញទៅប្រកួតនៅទីក្រុងឡុងដ៍លើកដំបូងនេះ អ្នកលេងគុនខ្មែរជួរមុខរបស់កម្ពុជាទាំង ៣រូប ដែលមានកីឡាករ ព្រំ សំណាង, រឿង សោភ័ណ្ឌ និង ថៃ រ៉េត សុទ្ធតែបានប្ដេជ្ញាចិត្តស្រដៀងៗគ្នា ក្នុងការខិតខំប្រឹងប្រែងហ្វឹកហាត់ និងប្រកួតឲ្យអស់ពីសមត្ថភាព ដើម្បីនាំមកនូវជ័យជម្នះជូនជាតិ ពិសេសបង្ហាញ និងផ្សព្វផ្សាយនូវសិល្បៈក្បាច់គុនខ្មែរនៅចក្រភពអង់គ្លេស ក៏ដូចជាទ្វីបអាស៊ីស្គាល់គុនខ្មែរកាន់តែច្បាស់ និងកាន់តែល្បីល្បាញបន្ថែមទៀត ។
គួរដឹងថា ក្រុមគ្រូបង្វឹក និងកីឡាករគុនខ្មែរទាំង ៣រូប គ្រោងចាកចេញពីមាតុភូមិនៅរាត្រីថ្ងៃទី១៥ ខែតុលានេះ ដើម្បីត្រៀមការប្រកួតផ្លូវការនាថ្ងៃទី១៩ ខែតុលា ជាមួយគូខ្លាំងៗជាច្រើន ។ សម្រាប់គូប្រកួតរបស់កីឡាករកម្ពុជាវិញ រួមមានកីឡាករ ព្រំ សំណាង នឹងត្រូវជួបកីឡាករ Bartek Paszczyk មកពីប្រទេសប៉ូឡូញ ខណៈកីឡាករ រឿង សោភ័ណ្ឌ នឹងត្រូវជួបអតីតជើងឯក ២សម័យរបស់ចក្រភពអង់គ្លេស Luke Whelan និងកីឡាករ ថៃ រ៉េត ត្រូវជួបកីឡាករ Don Smith របស់ម្ចាស់ផ្ទះអង់គ្លេសដូចគ្នា ៕