(បរទេស)៖ ក្រុមហ៊ុន Hyundai India បានដាក់ដំណើរការជាផ្លូវការនូវការដាក់លក់ IPO ជាលើកដំបូងរបស់ខ្លួនក្នុងតម្លៃសរុបចំនួន ៣.៣ពាន់លានដុល្លារ ដែលជាការកត់សម្គាល់ការលក់ភាគហ៊ុនដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសឥណ្ឌា និងជាទំហំ IPO ធំបំផុតទីពីរនៅទូទាំងពិភពលោកក្នុងឆ្នាំ២០២៤។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤។
ប្រភពបានឱ្យដឹងថា ដំណើរកាលក់ IPO នឹងធ្វើឡើងនៅទីក្រុង Mumbai ចាប់ពីថ្ងៃទី១៤ ខែតុលា នេះតទៅ។ ខណៈថ្ងៃនេះ គឺជាថ្ងៃបើកដំណើរការដំបូង ដោយវិនិយោគិនស្ថាប័នមានសិទ្ធិអាចដេញថ្លៃបានមុនគេ បន្ទាប់បមកអ្នកវិនិយោគលក់រាយ នឹងអាចបញ្ជាទិញបាននៅថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែតុលា។ ឯកសារនិយតកម្មបង្ហាញថា ភាគហ៊ុនទាំងនេះនឹងចាប់ផ្តើមជួញដូរនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ខាងមុខ។
យ៉ាងណាមិញពាក់ព័ន្ធនឹងការលក់ IPO នេះ ក្រុមហ៊ុន Hyundai បានឱ្យដឹងថា នឹងមិនមានបោះផ្សាយភាគហ៊ុនថ្មីនោះទេ។ ផ្ទុយទៅវិញ ក្រុមហ៊ុនមេកូរ៉េខាងត្បូង នឹងលក់រហូតដល់ ១៧.៥ភាគរយនៃភាគហ៊ុនរបស់ខ្លួននៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធឥណ្ឌា ដោយមានតម្លៃសរុបរហូតដល់ ១៩ពាន់លានដុល្លារឯណោះ។
គួរជម្រាបថា ប្រកាសលក់ IPO នេះមានចំនួនសរុប ១៤២,១៩៤,៧០០ហ៊ុន នឹងដាក់លក់ក្នុងតម្លៃ ២២ ទៅ ២៣ដុល្លារក្នុងមួយហ៊ុន។ Hyundai បញ្ជាក់ថា នេះគឺជាកិច្ចព្រមព្រៀងទិញលក់ជាលើកដំបូងរបស់ខ្លូន ដែលត្រូវបានចុះបញ្ជីនៅក្រៅទីផ្សារក្នុងស្រុកកូរ៉េខាងត្បូងរបស់ខ្លួន៕