(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង រីថែល និង ក្រុមហ៊ុន បក្សី មេឌា បានធ្វើការចុះអនុស្សារណៈយោគយល់គ្នា ក្នុងការបង្កើតកម្មវិធី «ជំនួបដៃគូអាជីវកម្ម និងពិព័រណ៍អាជីវកម្មកម្ពុជា» កាលពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២៤ កន្លងទៅនេះ ដើម្បីចាប់ដៃគូរសហការជាកម្លាំងចលករជម្រុញទៅដល់ម្ចាស់អាជីវកម្ម និងផលិតផលខ្មែរឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត។
ក្នុងឱកាសដ៏សំខាន់នេះ លោកស្រី លី សុខឆេង អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល បានមានប្រសាសន៍ថា ក្រុមហ៊ុន ជីប ម៉ុង រីថែល និងជាផ្នែកមួយនៃក្រុមហ៊ុន ជីប ម៉ុង ដែលមានបុត្រសម្ព័ន្ធរហូតដល់១៤ ដែលបង្កើតឡើងដោយកូនខ្មែរសុទ្ធសាធមួយនេះ បានប្ដេជ្ញាចិត្តថា នឹងព្យាយាមអស់ពីលទ្ធភាពក្នុងការជួយជម្រុញដល់សហគ្រិន និងម្ចាស់អាជីវកម្ម តាមរយៈដៃគូរសហការដ៏ជិតស្និទ្ធគឺក្រុមហ៊ុន បក្សី មេឌា ជួយផ្សព្វផ្សាយនូវស្នាដៃផលិតផលកូនខ្មែរឱ្យល្បីសុះសាយ និងពង្រីកអាជីវកម្មរបស់ខ្លួនក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ផ្តល់ជូននូវទីតាំងដ៏ល្អ និងក្រុមការងារជំនាញជួយជម្រុញអាជីវកម្មរបស់ពួកគេ។
លើសពីនេះ លោកស្រីក៏បានបង្ហើបប្រាប់ទៀតថា ក្នុងឆ្នាំ២០២៥ ខាងមុខនេះ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល នឹងមានការរៀបចំពិព័រណ៍ខ្នាតធំៗរហូតដល់ទៅ៤ បន្ថែមទៀតដូចជា ពិព័រណ៍សៀវភៅ ពិព័រណ៍សុខភាព ពិព័រណ៍ Start Up និងពិព័រណ៍ Innovation ដែលសង្ឃឹមថាកម្មវិធីទាំងអស់នេះ មិនត្រឹមតែអនុញ្ញាតឱ្យម្ចាស់អាជីវកម្មក្នុងស្រុកខ្មែរអាចពង្រីក និងប្រូម៉ូតផលិតផលរបស់ខ្លួនឱ្យមានគេស្គាល់កាន់តែច្រើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចនាំយកចំណេះដឹងជាច្រើនផ្សេងទៀតមកឱ្យបងប្អូនប្រជាជនខ្មែរផងដែរ។
លោក សំ កុសល ជានាយកប្រតិបត្តិ ក្រុមហ៊ុន បក្សី មេឌា បានថ្លែងឱ្យដឹងថា នៅថ្ងៃទី៧-៨ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល នឹងរៀបចំកម្មវិធី «ជំនួបដៃគូអាជីវកម្ម និងពិព័រណ៍អាជីវកម្មកម្ពុជាលើកទី៣» ដែលលោកបានរំពឹងទុកថា នឹងមានអ្នកចូលរួមរហូតដល់ ១០ម៉ឺននាក់ ដែលជាតួលេខមួយទ្វេរដងលើសពីឆ្នាំមុនៗ។ អ្វីដែលជាកត្តាជម្រុញឱ្យលោករំពឹងបែបនេះបាន គឺដោយសារតែមានការជួយជ្រោមជ្រែងពីក្រុមហ៊ុន ជីប ម៉ុង រីថែល ក្នុងការផ្ដល់ទីតាំងដ៏ធំទូលាយទាំងក្នុង និងក្រៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ដើម្បីឱ្យបងប្អូនម្ចាស់អាជីវកម្មមានភាពងាយស្រួលក្នុងការដាក់លក់ផលិតផលខ្មែរឱ្យបានច្រើន។
ក្រុមហ៊ុន ជីប ម៉ុង រីថែល បន្ទាប់ពីបានឃើញពីការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ក្រុមហ៊ុន បក្សី មេឌា ក្នុងការលើកកម្ពស់ភាពជាសហគ្រិននៅកម្ពុជា ហើយបានស្វែងយល់ពីផលលំបាករបស់ម្ចាស់អាជីវកម្មខ្នាតតូច និងខ្នាតមធ្យម ទើបក្រុមហ៊ុន ជីប ម៉ុង រីថែល និង ក្រុមហ៊ុន បក្សី មេឌា បានរៀបចំកម្មវិធីចុះអនុស្សារណៈយោគយល់នេះឡើងដើម្បីជួយលើកស្ទួយ និងគាំទ្រសហគ្រិនវ័យក្មេង និងផលិតផលខ្មែរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ដោយខិតខំចាប់ដៃគ្នាក្នុងការប្រូម៉ូត និងធ្វើទីផ្សារយ៉ាងណាដើម្បីជម្រុញផលិតផលខ្មែរឱ្យកាន់តែមានទីផ្សារច្រើន និងព្យាយាមផ្សព្វផ្សាយកម្មវិធី «ពិព័រណ៍អាជីវកម្មកម្ពុជាលើកទី៣» នេះឱ្យបានដល់បងប្អូនប្រជាជនកម្ពុជាទាំង ១៧លាននាក់ផងដែរ។
គួរបញ្ជាក់ផងដែរថា កាលពីខែសីហា ឆ្នាំ ២០២៤ កន្លងទៅនេះ ក្រុមហ៊ុន ជីប ម៉ុង រីថែល បានធ្លាប់សហការជាមួយក្រុមហ៊ុន បក្សី មេឌា ក្នុងការរៀបចំពិព័រណ៍សៀវភៅអាជីវកម្មម្តងរួចមកហើយ ដែលទទួលបានការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ពីម្ចាស់អាជីវកម្ម និងប្រជាជនកម្ពុជា ហើយមានការចូលរួមរហូតដល់ ៥ម៉ឺននាក់។
ជាចុងក្រោយ យោងតាមការចុះអនុស្សារណៈយោគយល់គ្នារវាក្រុមហ៊ុនទាំងពីរនេះ បានរៀបចំគោលដៅយ៉ាងមុតមាំថា នាថ្ងៃអនាគត នឹងព្យាយាមបង្កើតកម្មវិធីតាំងពិព័រណ៍បែបនេះឱ្យកាន់តែធំ និងខ្នាតយក្សជាងនេះទៀត ដែលមិនត្រឹមតែផ្ដល់ឱកាសដល់សហគ្រិនខ្មែរ ប៉ុន្ដែថែមទាំងអាចផ្ដល់នៅបទពិសោធន៍ថ្មីៗបន្ថែមទៀត តាមរយៈការនាំយកប្រេនអន្ដរជាតិមកកាន់កម្មវិធីតាំងពិព័រណ៍ក្នុងស្រុក។
សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចតាមដានផេកផ្លូវការរបស់ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល (Chip Mong 271 Mega Mall) ឬទាក់ទងជួលទីតាំងតាមរយៈលេខទូរស័ព្ទ៖ 066 401 222 (@Amkeolong)៕