(ភ្នំពេញ)៖ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤នេះ បានដឹកនាំសិល្បករ-សិល្បការិនិ ចូលរួមក្នុងឱកាសថ្វាយមហាព្រះរាជកុសលខួបគម្រប់១២ឆ្នាំ នៃការសោយព្រះទិវង្គតរបស់ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» (១៥តុលា ឆ្នាំ២០១២-១៥តុលា ឆ្នាំ២០២៤)។
ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ គឺជាវេលាដែលប្រជារាស្ត្រខ្មែរនៅទូទាំងប្រទេស ពើបប្រទះនូវការបាត់បង់ដ៏ធំធេង ខណៈដែលសម្តេចឪ សម្តេចតា សម្តេចតាទួត ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ ព្រះអង្គបានយាងសោយទិវង្គត នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ក្នុងព្រះជន្មាយុ៩០ព្រះវស្សា។
ដ្បិតពេលវេលាកន្លងទៅ១២ឆ្នាំហើយក៏ពិតមែន ប៉ុន្តែព្រះវត្តមាន និងគំរូវីរភាពរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ នៅតែដិតជាប់ក្នុងក្រអៅបេះដូង និងការចងចាំរបស់កូនខ្មែរគ្រប់ៗរូប មិនអាចបំភ្លេចបានឡើយ។ ពិសេសេសព្រះរាជបូជនីយកិច្ច និងការលះបង់បូជាព្រះកាយពលដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិក្នុងការទាមទារឯករាជ្យភាពពេញលេញពីអាណានិគមបារាំងនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។
បន្ទាប់មកក្រោមការដឹកនាំរបស់ព្រះមហាវីរក្សត្រព្រះបាទ នរោត្ដម សីហនុ ជាព្រះប្រមុខរដ្ឋរបបសង្គមរាស្ត្រនិយម កម្ពុជាត្រូវបានគេចាត់ទុកថាជា «គុជអាស៊ី» ដោយសារមានការរីកចម្រើនលើគ្រប់វិស័យ ដែលបានបន្សល់ទុកនូវមរតកចងចាំគ្មានថ្ងៃបំភ្លេចសម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដូចពាក្យសុភាសិតខ្មែរមួយឃ្លាបានពោលថា «ទូកទៅ កំពង់នៅ»។
«នៅក្នុងវរោកាសនេះ ទូលព្រះបង្គុំយើងខ្ញុំទាំងអស់ជាថ្នាក់ដឹកនាំ ក្រុមការងារ រួមទាំងសិល្បករ-សិល្បការិនី ជាសមាជិក សមាជិកា នៃសមាគមសិល្បករខ្មែរទាំងអស់ សូមថ្វាយមហាព្រះរាជកុសលចំពោះព្រះរាជវិបាកបដិសន្ធិវិញ្ញាណរបស់ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» សូមស្ដេចយាងទៅកាន់សុគតិភព ទីឋានព្រះបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ»៕