(បរទេស)៖ ក្រុមហ៊ុនខ្នាតយក្ស Microsoft បានឱ្យដឹងនៅថ្ងៃចន្ទសប្តាហ៍នេះថា អនុប្រធានជាន់ខ្ពស់ផ្នែកស្រាវជ្រាវ GenAI របស់ខ្លួនលោក Sebastien Bubeck កំពុងចាកចេញពីក្រុមហ៊ុន និងប្តូរទៅធ្វើការជាមួយក្រុមហ៊ុន OpenAI ដែលជាអ្នកបង្កើត ChatGPT វិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤។
ប្រិយមិត្តប្រាកដជាបានជ្រាបរួចមកហើយ OpenAI គឺជាអង្គការស្រាវជ្រាវបញ្ញាសិប្បនិមិត្ត (AI) របស់អាមេរិកដែលត្រូវបានបង្កើតឡើងក្នុងខែធ្នូ ឆ្នាំ២០១៥ និងមានទីស្នាក់ការកណ្តាលនៅ San Francisco រដ្ឋ California ហើយក៏ជាក្រុមហ៊ុនមួយដែលស្ថិតក្រោមរចនាសម្ព័ន្ធរបស់ Microsoft ផងដែរ។ យ៉ាងណាមិញជុំវិញមូលហេតុនៃការចាកចេញរបស់លោក Bubeck មិនត្រូវបានបង្ហាញនោះទេថា បណ្តាលមកពីមូលហេតុអ្វី? វាក៏មិនច្បាស់ផងដែរថាតើលោក នឹងកាន់តួនាទីអ្វីនៅ OpenAI នោះ។
ប៉ុន្តែបើយោងតាមអ្នកនាំពាក្យក្រុមហ៊ុន Microsoft បានលើកឡើងដូច្នេះថា «Sebastian បានសម្រេចចិត្តចាកចេញពី Microsoft ដើម្បីបន្តការងាររបស់លោកឆ្ពោះទៅការអភិវឌ្ឍន៍ AGI» ដោយបន្ថែមថា ក្រុមហ៊ុនទន្ទឹងរង់ចាំបន្តទំនាក់ទំនងរបស់ពួកគេតាមរយៈការងាររបស់ Bubeck ជាមួយ OpenAI។ ការលើកឡើងនេះទំនងក្នុងគោលបំណងរក្សាទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ខណៈក្រុមហ៊ុនទាំងពីរនេះ គឺជាដៃគូប្រកួតប្រជែងដ៏ខ្លាំង ហើយក៏ជាដៃគូវិនិយោគផងដែរ។
យ៉ាងណា ជុំវិញព័ត៌មានកម្អិតពីរបាយការណ៍នេះ លោក Bebeck មិនបានឆ្លើយតបទៅនឹងសំណើរសុំការអត្ថាធិប្បាយរបស់ Reuters នោះទេ។ ទន្ទឹមនឹងនេះ នាយកប្រតិបត្តិលោក Sam Altman បានបដិសេធរាល់ទំនាក់ទំនងរវាងការចាកចេញ និងការរៀបចំរចនាសម្ព័ន្ធរបស់ក្រុមហ៊ុនឡើងវិញ។
គួរជម្រាបថា ប្រកាសនេះកើតឡើងបន្ទាប់ពីការចាកចេញជាបន្តបន្ទាប់ពីក្រុមហ៊ុន OpenAI រួមទាំងប្រធានផ្នែកបច្ចេកវិទ្យាលោកស្រី Mira Murati នៅក្នុងខែកញ្ញា៕