(ស៊ីស៊ីលី)៖ ក្រុមហ៊ុន Google របស់ក្រុមហ៊ុមមេ Alphabet កំពុងស្ថិតក្នុងការចរចាជាមួយនឹងរដ្ឋាភិបាលអ៉ីតាលី ស្តីពីគម្រោងបង្កើតស្ថានីយមូលដ្ឋាន នៅកោះ Sicily ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ សម្រាប់បណ្តាញខ្សែកាបអ៊ុបទិកក្រោមសមុទ្រ ឆ្លងកាត់សមុទ្រ Mediterranean។ នេះបើតាមសម្តីលោក Alessio Butti អនុរដ្ឋលេខាធិការ នៃគណៈរដ្ឋមន្ត្រីអ៉ីតាលី ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤។
«Google គឺចាប់អារម្មណ៍ខ្លាំងណាស់, យើងកំពុងធ្វើការចរចា ស្តីពីការបង្កើតមូលដ្ឋានស្ថានីយ នៅកោះ Sicily», លោក Alessio Butti បានប្រាប់អ្នកសារព័ត៌មាន នៅខាងក្រៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី នៃក្រុមប្រទេសប្រជាធិបតេយ្យជឿនលឿនទាំង៧ (G7)។
Google កំពុងចាប់ដៃគូជាមួយក្រុមហ៊ុនខ្សែកាបក្រោមសមុទ្រអ៉ីតាលី Telecom Italia ដែលគេស្គាល់ថា Sparkle ដើម្បីសហការលើប្រព័ន្ធខ្សែកាបក្រោមសមុទ្រ តភ្ជាប់តំបន់មជ្ឈិមបូព៌ា ជាមួយនឹងអឺរ៉ុបខាងត្បូង និងអាស៊ី។
Telecom Italia ក្នុងខែនេះ បានឈានដល់ការជជែកពិសេស ជាមួយរតនាគារអ៉ីតាលី និងដៃគូរបស់ខ្លួន គឺក្រុមហ៊ុន Asterion ដើម្បីលក់ក្រុមហ៊ុន Sparkle នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខ។
«រដ្ឋាភិបាល បានចាត់ទុកក្រុមហ៊ុន Sparkle ជាក្រុមហ៊ុនយុទ្ធសាស្ត្រ ខណៈ៩៥ទៅ៩៩ភាគរយ នៃចរាចរណ៍អ៉ីនធើណែត បានឆ្លងកាត់តាមខ្សែកាបក្រោមសមុទ្រ និងប្រមាណ១៦ភាគរយ ជាប់ពាក់ព័ន្ធនឹងសមុទ្រ Mediterranean», លោក Butti បានលើកឡើង៕