(ឡុងដ៍)៖ លោក Thomas Tuchel ត្រូវបានសហព័ន្ធបាល់ទាត់អង់គ្លេស ប្រកាសតែងតាំងគ្រូបង្វឹកពេញសិទ្ធិរបស់ពួកគេ ដើម្បីជំនួសកៅអីលោក Gareth Southgate ដែលបានលាឈប់ ក្រោមកិច្ចសន្យា ២ឆ្នាំ និងបានក្លាយជាអ្នកចាត់បរទេសទី៣ ផងដែរ ក្នុងការដឹកនាំក្រុមតោ៣ មួយនេះ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា បុរសសញ្ជាតិអាល្លឺម៉ង់ ដែលធ្លាប់ធ្វើការនៅអង់គ្លេស តាមរយៈដឹកនាំក្លិបអាជីពតោខៀវ Chelsea ឈ្នះជើងឯក UEFA Champions League ផងនោះ បានក្លាយជាជនបរទេសទី៣ ក្នុងការកាន់តំណែងធំនៃក្រុមជម្រើសជាតិអង់គ្លេសមួយនេះ បន្ទាប់ពីលោក Sven-Goran Eriksson សញ្ជាតិស៊ុយអែត និងលោក Fabio Capello សញ្ជាតិអ៊ីតាលី។
លោក Tuchel វ័យ ៥១ឆ្នាំ នឹងចូលកាន់តួនាទីថ្មីរបស់លោកជាផ្លូវការនាអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤ ពោលនៅក្រោយពេល គ្រូបង្វឹកបណ្តោះអាសន្ន លោក Lee Carsley ដឹកនាំអង់គ្លេសលេង ២ប្រកួតចុងក្រោយ ក្នុងចំណោម ៥ប្រកួតរបស់លោកទល់នឹងក្រិច និងសាធារណរដ្ឋអៀរឡង់ ក្នុងពាន Nations League 2024-2025។
វត្តមានគ្រូបង្វឹកថ្មីនេះដែរ នឹងត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួនជាផ្លូវការនៅកីឡដ្ឋានជាតិ Wembley នាទីក្រុង London នៅថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០២៤ នេះ។
បេសកកម្មធំរបស់ Tuchel គឺនឹងដឹកនាំក្រុមរងជើងឯកពាន Euro ២សម័យកាលចុងក្រោយនេះលេងជម្រុះ ក៏ដូចជាវត្តមាននៅ World Cup 2026 ដែលមានសហរដ្ឋអាមេរិក កាណាដា និងមិចស៊ិក ធ្វើម្ចាស់ផ្ទះរួមគ្នានោះ៕