(បរទេស)៖ ក្រុមបាល់ទាត់ជម្រើសជាតិស្កុតឡេន រកបាន ១ពិន្ទុដំបូងនៅពានលីគអឺរ៉ុប UEFA Nations League 2024-2025 ពីការបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ០-០ នាយប់មិញនេះទល់នឹងក្រុមខ្លាំង បច្ចខែលព័រទុយហ្គាល់ ប្រចាំ League A ក្រុម១។
ស្កុតឡេន ដែលកំពុងឈរនៅបាតតារាង ក្រោយឆ្លងកាត់ ៤ប្រកួតមកនោះជាមួយព័រទុយហ្គាល់ ប៉ូឡូញ និងក្រូអាត បានតស៊ូ ៩០នាទីពេញក្នុងកីឡដ្ឋាន Hampden Park នៅពីមុខអ្នកទស្សនាផ្ទាល់ប្រមាណជិត ៥ម៉ឺននាក់ ពីការរារាំងស៊ុត ៤លើកផងដែរពីសំណាក់ប្រធានក្រុម Cristiano Ronaldo ពីការបង្ហាញខ្លួនលើកទី២១៦ ជាមួយព័រទុយហ្គាល់ ដ្បិតអ្នកចាំទី Craig Gordon ជួយសង្រ្គោះបាន។
ការស្មើលទ្ធផលនេះដែរ មានន័យថា ក្រុមរបស់លោក Steve Clarke ទើបតែលេងឈ្នះ ១លើកប៉ុណ្ណោះ ក្នុងចំណោម ១៦ប្រកួតចុងក្រោយ ក៏ប៉ុន្តែបានគេចផុតពីការបរាជ័យ ៥ប្រកួតជាប់ៗគ្នាជាលើកដំបូងទៅវិញ។
ថ្លែងក្នុងសន្និសីទក្រោយចប់ការប្រកួត លោក Roberto Martinez គ្រូបង្វឹកព័រទុយហ្គាល់បានឱ្យដឹងថា «ស្កុតឡេន ប្រៀបដូចជាក្លិបល្អមួយអីចឹង» នៅពេលក្រុមបច្ចខែលមួយនេះបន្តឈរទីកំពូលតារាងជាមួយនឹង ១០ពិន្ទុ តាមពីក្រោយដោយក្រូអាត និងប៉ូឡូញ បន្ទាប់ពីលេងស្មើ ៣-៣ ក្នុងជើងទី២ នាយប់មិញដូចគ្នា៕