(បរទេស)៖ ទោះបីជា BYD គឺជាម៉ាកដែលលក់ដាច់បំផុតនៅក្នុងប្រទេសចិនរួចហើយក៏ដោយ ប៉ុន្តែក្រុមហ៊ុននេះបានឈានដល់ដំណាក់កាលសំខាន់ជាងនេះមួយទៀតនាពេលថ្មីៗនេះ បន្ទាប់ពីវ៉ាដាច់ SAIC និងបានក្លាយជាសម្ព័ន្ធក្រុមហ៊ុនរថយន្តដ៏ធំបំផុតរបស់ប្រទេសចិនជាលើកដំបូង។ នេះបើតាមការចេញផ្សាយដោយគេហទំព័រ Electrek។
បន្ទាប់ពីការលក់បានកើនឡើង ៦២% ជាមួយនឹងរថយន្តជាង៣លានគ្រឿងដែលត្រូវបាននាំចេញកាលពីឆ្នាំមុន BYD បានក្លាយជាម៉ាកយីហោដែលលក់ដាច់បំផុតរបស់ប្រទេសចិនជាផ្លូវការ។ BYD បានឈានដល់ដំណាក់កាលសំខាន់ជាងនេះ ក្លាយជាក្រុមរថយន្តដ៏ធំបំផុតរបស់ប្រទេសចិន បន្ទាប់ពីបាននាំមុខ SAIC នៅក្នុងការលក់កាលពីខែកញ្ញា។ BYD Group បានលក់រថយន្តចំនួន ៤១៩,៤២៦ គ្រឿងកាលពីខែមុន ដែលកើនឡើង ៤៥%ធៀបនឹងខែកញ្ញា ឆ្នាំ២០២៣។ តួរលេខទាំងនេះរួមមានម៉ាកយីហោ Denza របស់ BYD, Fang Cheng Bao និង Yangwang ជាដើម។ ទោះបីជាមានការហូរចូលនៃការប្រកួតប្រជែងថ្មី និងសង្រ្គាមតម្លៃកាន់តែខ្លាំងក្លានៅក្នុងប្រទេសចិនក៏ដោយ BYD នៅតែដណ្តើមចំណែកទីផ្សារបានដដែល។
គួរជម្រាបថា រថយន្តអគ្គិសនីថោកបំផុតរបស់ BYD គឺ Seagull គឺជារថយន្ត EV ដែលលក់ដាច់បំផុតនៅក្នុងប្រទេសចិនក្នុងខែសីហា ជាមួយនឹងរថយន្តនាំចេញចំនួន ៤០,៩៤៩គ្រឿង។ នៅក្នុងខែកញ្ញា BYD បានលក់ម៉ូដែល Seagull ចំនួន ៤៣,៤២៥គ្រឿងទៀត។ ងាកមក ទន្ទឹមនឹងនេះក្រុមហ៊ុន SAIC វិញត្រូវបានគេមើលឃើញថាកំពុងតស៊ូដើម្បីរក្សាល្បឿននៃការលក់។ ក្រុមហ៊ុននេះក៏បានបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន GM គឺ SAIC-GM-Wuling ផងដែរ ជាហេតុផលដ៏ធំមួយដែលធ្វើឲ្យការលក់បានធ្លាក់ចុះ ៣៥% នៅក្នុងខែកញ្ញា៕