(មេនឆេស្ទើ)៖ បុរសវ័យចំណាស់ Sir Alex Ferguson នឹងចាកចេញពីតួនាទី ទូតសុឆន្ទៈសកល របស់ក្លិបបិសាចក្រហម Manchester United ក្រោយពេលកាន់តួនាទីធំនេះគិតចាប់តាំងពីឆ្នាំ២០១៣ មក។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
អតីតគ្រូបង្វឹកជោគជ័យមួយរូបក្នុងក្លិបស្ថិតក្នុងទីក្រុង Manchester ប្រទេសអង់គ្លេសមួយនេះ នឹងចុះចេញពីតំណែងផ្លូវការ ពោលគឺក្រោយពេលចប់រដូវកាលឆ្នាំ២០២៤-២០២៥ នេះ ស្របពេលបុរសសញ្ជាតិស្កុតឡេនរូបនេះ កាន់តែជរាក្នុងវ័យ ៨២ឆ្នាំផងនោះ។
គួរបញ្ជាក់ផងថា ក្នុងការកាន់តំណែងជាទូតសុឆន្ទៈ និងជានាយកក្លិបបិសាចក្រហមគិតចាប់តាំងពីចូលនិវត្តន៍ពីគ្រូបង្វឹកអាជីពកាលឆ្នាំ២០១៣ លោក Alex ក៏ទទួលបានថ្លៃកម្មពលកម្មរាប់លានផោនទៀតផងពីអតីតម្ចាស់ជើងឯក Premier League ច្រើនជាងគេមួយនេះដែរ ដ្បិតម្ចាស់ក្លិបថ្មីលោក Ratcliffe មិនចង់ខ្ជះខ្ជាយលុយកាក់ ជាជាងយកទៅវិនិយោគក្នុងក្រុមជំនួសវិញ។
គួរបញ្ជាក់ផងថា United បច្ចុប្បន្នបានកំពុងឈរនៅលេខរៀងទី១៤ ជាបណ្តោះអាសន្នក្នុងលីគរដូវកាលនេះ និងស្ថិតក្រោមការបង្វឹករបស់លោក Erik ten Hag នៅឡើយ ដែលត្រូវប៉ះ Brentford ដែលឈរនៅលេខ៧ នារាត្រីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ក្នុងប្រកួតទី៨ ជើងទី១ របស់ពួកគេ៕