(បរទេស)៖ ក្រុមហ៊ុនដ៏ធំរបស់ប្រទេសស៊ុយអែត Ericsson បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា ទីផ្សារឧបករណ៍ទូរគមនាគមន៍កំពុងបង្ហាញពីសញ្ញានៃភាពប្រសើរឡើងវិញ។ ប្រកាសនេះ ធ្វើឡើងបន្ទាប់ពីរបាយការណ៍ប្រាក់ចំណូលស្នូល និងការលក់លើសពីការរំពឹងទុក ដែលបានជួយដោយការស្ទុះងើបឡើងវិញនៃតម្រូវការឧបករណ៍ 5G នៅអាមេរិកខាងជើង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤។
ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ ការធ្លាក់ចុះនៃតម្រូវការប្រតិបត្តិករទូរស័ព្ទចល័តនៅអាមេរិកខាងជើងបានប៉ះពាល់ដល់ក្រុមហ៊ុនជាច្រើនរួមមាន Ericsson និង Nokia និងបានជម្រុញឱ្យក្រុមហ៊ុនទាំងនេះងាកទៅរកទីផ្សារដែលកំពុងអភិវឌ្ឍន៍ផ្សេងដូចជា ឥណ្ឌាជំនួសវិញ។ កត្តានេះ បានធ្វើឱ្យក្រុមហ៊ុនត្រូវចំណាយដើមទុនកាន់តែច្រើន ពិសេសស្ទើតែបាត់បង់ទាំងស្រុងនូវប្រាក់ចំណេញ។
យ៉ាងណាមិញ បន្ទាប់ពីជួបព្យុះភ្លៀងមួយមេធំ នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Ericsson លោក Börje Ekholm ថ្មីៗនេះបានថ្លែងថា ទីផ្សារឧបករណ៍ទូរគមនាគមន៍កំពុងបង្ហាញសញ្ញានៃស្ថិរភាព ជាពិសេសនៅអាមេរិកខាងជើងដែលកំពុងវិលទៅរកភាពរីកចម្រើន។ ប្រភពពីអ្នកវិភាគ LSEG បានបបង្ហាញថា ប្រាក់ចំណូលស្នូលរបស់ក្រុមហ៊ុន Ericsson ក្នុងត្រីមាសទី៣ ហក់ឡើជាខ្លាំងដោយរកបានចំនួន 7.33 billion swedish crowns (ប្រហែល ៧០៤លានដុល្លារ) ច្រើនជាងបើធៀបនឹងចំនួន 3.9 billion swedish crowns (ប្រហែល ៣៧៤ លានដុល្លារ) ដែលរកបានកាលពីឆ្នាំមុន និងលើសពីការរំពឹងទុករបស់អ្នកវិភាគដែលព្យារកណ៍ថា នឹងរកបានប្រមាណ 5.75 billion swedish crown (ប្រហែល ៥៥២លានដុល្លារ) តែប៉ុណ្ណោះ៕